ការលាងសម្អាតកម្អែលទឹកជំនន់មិនទាន់បានស្អាតស្រួលបួលផង នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានថា ខេត្តជាច្រើននៅភាគខាងត្បូងប្រទេសថៃអាចនឹងគ្រោះទឹកជំនន់ម្តងទៀត ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ថ្ងៃជាប់គ្នាចន្លោះពីថ្ងៃទី១១-១៦ ខែធ្នូ ហើយក៏មានខ្យល់បក់ខ្លាំង ដែលអាចធ្វើឱ្យមានរលកសមុទ្រធំៗកម្ពស់ពីរទៅបីម៉ែត្រនៅឈូងសមុទ្រថៃផងដែរ។
បើតាមការព្យាកររបស់នាយកដ្ឋាននេះ តំបន់នៅភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុតនៅខេត្តមួយចំនួនដូចជាខេត្តជុមផន និងស៊ូរ៉ាតថានីជាដើមនៅចន្លោះពីថ្ងៃទី១១-១៣ ខែធ្នូ ដែលបណ្ដាលមកពីប្រព័ន្ធសម្ពាធទាប ដែលរំកិលចេញពីសមុទ្រចិនខាងត្បូងដោយឆ្លងកាត់ភាគខាងត្បូងប្រទេសវៀតណាម ឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូងប្រទេសថៃ។
ជាមួយគ្នានេះនាយកដ្ឋានឧតុនិយមថៃ បានជំរុញឱ្យប្រជាជននៅតំបន់ ដែលងាយរងគ្រោះទាំងនេះមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងទឹកហូរខ្លាំងជាពិសេសនៅតំបន់ជើងភ្នំ ជិតផ្លូវទឹក និងតំបន់ទំនាបតែម្ដង។ ហើយអ្នកធ្វើដំណើរនៅតាមឈូងសមុទ្រ និងសមុទ្រអាន់ដាម៉ាន់ ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងជៀសវាងតំបន់ព្យុះ៕