ជាក់ស្ដែង របាយការណ៍ពីក្រសួងការពារជាតិបង្ហាញថា នៅថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះ ៣គ្រាប់ បានបាញ់កម្ទេចស្ពានជ័យជំនះ ឬហៅថា ស្ពានស្ទឹងមេទឹក និងបានបាញ់ជាច្រើនគ្រាប់ផ្សេងទៀតទៅ ទៅលើអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា។
ការបាញ់កម្ទេចស្ពានជ័យជំនះ ឬស្ពានស្ទឹងមេទឹក ពីសំណាក់កងទ័ពថៃនេះ បានធ្វើឡើងក្រោយរយៈពេលប្រហែល ៣ថ្ងៃ ដែលយោធាថៃ បានប្រកាសថា ខ្លួននឹងកម្ទេចស្ពាននេះ។ ភាគីថៃ បានចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា កម្ពុជាបានប្រើប្រាស់ស្ពាននេះ ដើម្បីដឹកជញ្ជូនកាំភ្លើងធំ ដែលជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ថៃ ។ នេះបើតាមកាសែតថៃ Khaosod។
ទោះយ៉ាងណា ការវាយការប្រហារចូលជ្រៅនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា បានបង្ហាញពីទង្វើឈ្លានពានកាន់តែគឃ្លើនខ្លាំងឡើងពីសំណាក់កងទ័ពថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ឡើងពីចេតនាឈ្លានពាន និងសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងថៃ។
សូមបញ្ជាក់ថា ស្ពានជ័យជំនះ (ស្ពានមេទឹក) ជាស្ពានបេតុងប្រភេទប្រេកុងត្រាំង តភ្ជាប់ពីត្រើយមួយទៅត្រើយមួយទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០។ ស្ពាននេះមានប្រវែង ១៨០ ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះមានចម្ងាយប្រហែល ៨.៥ គីឡូម៉ែត្រ ពីព្រំដែនគិតតាមផ្លូវបត់បែន និងប្រហែល ៥គីឡូម៉ែត្រ ជាចម្ងាយត្រង់ពីព្រំដែន ហើយជាច្រកតភ្ជាប់សំខាន់តែមួយគត់ទៅកាន់ប្រជុំជនថ្មដា ស្រុកវាលវែង។