
ពេលនេះប្រភពចេញពីផ្ទៃក្នុងប្រទេសថៃ កំពុងមានការព្រួយបារម្ភថា យោធាថៃ អាចនឹងប្រុងជើងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីល ខណៈដែលយោធាថៃ កំពុងមានប្រជាប្រិយភាព និងឥទ្ធិពលកាន់តែខ្លាំងនៅមួយរយៈចុងក្រោយនេះ ជាពិសេសបន្ទាប់ពីឈ្លានពានកម្ពុជា។
យោងតាមប្រភពពី DW ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី១៣ ខែសីហា ឱ្យដឹងថា ប្រទេសថៃ ធ្លាប់កើតមានរដ្ឋប្រហារចំនួន ១២ លើករួចមកហើយ បើគិចាប់ពីឆ្នាំ១៩៣១ មក ហើយ ទោះបីជារដ្ឋាភិបាលស៊ីវិលបានវិលត្រលប់ចូលកាន់អំណាចវិញបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣ យ៉ាងណាក្ដី ក៏កងទ័ពថៃ នៅតែមានឥទ្ធិពលខ្លាំង ដែលសូម្បីរដ្ឋាភិបាលស៊ីវិលរបស់ថៃក៏ញញើតដែរ។ ជាក់ស្ដែង ការឈ្លានពានមកលើកម្ពុជា នៅមួយរយៈចុងក្រោយនេះបានធ្វើឱ្យយោធាថៃ កាន់តែឡើងចាងអាចធ្វើអ្វីតាមទំនើងចិត្តដែលភាគច្រើនគ្មានការគ្រប់គ្រង ឬ ពិនិត្យពិច័យពីរដ្ឋាភិបាលស៊ីវិលឡើយ។
ជាការពិតណាស់ នៅមួយរយៈចុងក្រោយនេះ ការជឿទុកចិត្តរបស់សាធារណជនថៃ លើយោធារបស់ខ្លួនកំពុងកើនឡើង ដោយការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃមានទំនុកចិត្តលើកងទ័ពច្រើនជាងមេដឹកនាំស៊ីវិល។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន តាមរយៈការទូរស័ព្ទមកសម្ដេចតេជោ ប៉ុន្តែសារសំឡេងសន្ទនានោះ ត្រូវបានបែកធ្លាយដែលធ្វើឱ្យលោកស្រីបាត់បង់ការជឿទុកចិត្តពីប្រជាជន និងអ្នកនយោបាយថៃ។ មិនយូរប៉ុន្មានលោកស្រីក៏ត្រូវបានព្យូរតំណែង ហើយគណបក្សភឿថៃ របស់លោកស្រីពេលនេះក៏កំពុងរងសម្ពាធកាន់តែខ្លាំងដែរ ដោយអ្នកខ្លះចោទប្រកាន់ថា គណបក្សនេះមានទំហរទន់ជ្រាយពេក ហើយថែមទាំងគ្មានស្មារតីជាតិនិយមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បក្សសម្ព័ន្ធនៅក្នុងជួររដ្ឋាភិបាលចម្រុះ ក៏បានបែកខ្ញែកកាន់តែខ្លាំងដែរ។
ទន្ទឹមនឹងនេះ តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលស៊ីវិលពេលនេះត្រូវបានកាន់កាប់ដោយក្រុមឧត្តមសេនីយ៍ ហើយរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចក៏រងការរង្គោះរង្គើ។ ក្រុមអ្នកវិភាគព្រមានថា តុលាការធម្មនុញ្ញថៃ អាចនឹងសម្រេចហាមឃាត់លោកស្រី ផែថងថាន មិនឱ្យធ្វើនយោបាយនៅដើមខែកញ្ញា ដ៏ខ្លីខាងមុខ ខណៈដែលឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធធនាគារពីបទបរិហារកេរ្តិ៍ព្រះរាជវង្សដែលធ្វើឱ្យយោធាថៃ កាន់តែឡើងចាង។
ខណៈដែលរដ្ឋប្រហារជាថ្មីមិនទាន់កើតឡើងនៅឡើយ ក្រុមអ្នកជំនាញនិយាយថា វាជាហានិភ័យដែលកំពុងកើនឡើង នៅពេលដែលយោធាមានឥទ្ធិពលកាន់តែខ្លាំង ខណៈដែលរដ្ឋាភិបាលចុះខ្សោយ ហើយស្ថានភាពតានតឹងរបស់ប្រទេសជាតិនៅតែបន្ត។
លោក គេន លូហាទេពផានុត (Ken Lohatepanont) បេក្ខភាពបណ្ឌិត នៃសាកលវិទ្យាល័យ Michigan បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន DW ថា គណបក្សភឿថៃ របស់គ្រួសារត្រកូល ថាក់ស៊ីន មិនបានត្រៀមខ្លួន ដើម្បីការរបោះឆ្នោតជាថ្មីនោះទេ។ បន្ថែមពីនេះ ការបន្ដកាន់អំណាចរបស់ពួកគេ ក៏កាន់តែលំបាកដែរ លុះត្រាតែពួកគេត្រូវសម្រុះសម្រួលជាមួយនឹងសម្ព័ន្ធមិត្តក្រុមអភិរក្សនៅក្នុងជួររដ្ឋាភិបាលចម្រុះបន្ថែមទៀត។ ស្ថិតក្នុងស្ថានភាពវិបត្តិនេះ លោក លូហាទេពផានុត យល់ថា វានឹងអាចនឹងបើកផ្លូវសម្រាប់អតីតមេដឹកនាំរដ្ឋប្រហារលោក ប្រាយុទ្ធ ចាន់អូចារ ឱ្យត្រឡប់មកដល់ដឹកនាំរដ្ឋាភិបាលវិញ។ គណបក្ស United Thai Nation របស់លោក Prayut បច្ចុប្បន្នរក្សាសម្ព័ន្ធភាពនៅដដែល ហើយការត្រលប់មកវិញរបស់លោកប្រាយុទ្ធ អាចជាអ្វីដែល គណបក្សភឿថៃយល់ព្រមធ្វើតាម ដើម្បីជៀសវាងការបោះឆ្នោតដែលទំនងជាចាញ់។
ទោះយ៉ាងណា អ្នកវិភាគខ្លះទៀត លើកឡើងថា ទោះបីជាការធ្វើរដ្ឋប្រហារជាថ្មី ទំនងជាពិបាកនឹងកើតមាននៅពេលនេះក្ដី ប៉ុន្ដែ វាក៏នៅតែមានលទ្ធភាពអាចកើតឡើងដែរ ពិសេសនៅពេលដែល ឥទ្ធិពលយោធាកំពុងកើនឡើងដោយសារជម្លោះព្រំដែន ដែលកំពុងបន្ត៕
ដោយ: តែម សុខុម