ទន្ទឹមនឹងផែនការត្រៀមរុះរើ និងកែសម្រួលអាវុធរបស់ខ្លួននៅឆ្នាំ២០២៧ យោធាថៃ បានដាក់ការរំពឹងទុកថា ប្រទេសកម្ពុជា ក៏អាចកំពុងតែកែសម្រួលយុទ្ធសាស្រ្តយោធារបស់ខ្លួនដែរ ពោលគឺ ពង្រឹងចំណុចខ្លាំង និងស្តារចំណុចខ្សោយ។
តាមការចុះផ្សាយរបស់កាសែតថៃ ដដែលនេះ យោធាថៃ ហាក់បង្ហាញនូវការប្រុងប្រយ័ត្នបំផុតអំពីការរីកចម្រើននៃកម្មវិធីដ្រូនអត្តឃាតរបស់កម្ពុជា ហើយក៏រំពឹងថា ដ្រូនប្រភេទនេះ គឺជាលទ្ធភាព និងមានប្រៀបខ្លាំងខាងយោធាដ៏សម្បើមនៅក្នុងតំបន់ និងពិភពលោកនៅក្នុងរយៈពេលចាប់ពីពេលនេះរហូតដល់៥ឆ្នាំខាងមុខ ។
ជាមួយនឹងការព្យាករណ៍ទុកជាមុននេះ យោធាថៃ បានអះអាងថា កងកម្លាំងរបស់ខ្លួនទាំងអស់រួមមាន ជើងគោក អាកាស និង ជើងទឹក រួមទាំងនគរបាល គឺត្រូវតែរៀបចំផែនការឲ្យស្រេចពាក់ព័ន្ធនឹងសមត្ថភាពគ្រប់គ្រង និងបញ្ជាដ្រូន។
យោធាថៃ ក៏បានកំពុងតែរៀបចំពង្រាងផែនការសហការជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យក្នុងស្រុក ដើម្បីអភិវឌ្ឍកម្មវិធីដ្រូនយោធា និងប្រព័ន្ធប្រឆាំងដ្រូន ពោលក្នុងគោលបំណងគាំទ្រប្រតិបត្តិការវាយលុក និងការពារ ការកសាងខ្សែច្រវាក់ផលិតកម្ម ការពង្រឹងការពឹងផ្អែកលើខ្លួនឯងរយៈពេលវែង និងគាំទ្រឧស្សាហកម្មការពារជាតិរបស់ថៃ៕
ដោយៈ សរ សុជាតិ