
ប្រទេសថៃ បាននាំចេញប្រេងចម្រាញ់រួចប្រមាណ៦លានលីត្រមកកម្ពុជាក្នុងមួយថ្ងៃនៃសមត្ថភាពចម្រាញ់ប្រេងជិត១៦០លានលីត្រក្នុងមួយថ្ងៃ ដែលនេះបង្ហាញថា ភាគច្រើននៃប្រេងទាំងនោះត្រូវបានប្រើប្រាស់ក្នុងស្រុក ហើយសល់ប៉ុន្មាន គឺសម្រាប់នាំចេញទៅក្រៅប្រទេសដូចជានាំចេញមកកម្ពុជា ជាដើម។
គួររំឭកថា បំរាមមិនឱ្យនាំចូលប្រេងពីប្រទេសថៃនេះ មានប្រសិទ្ធភាពនៅថ្ងៃទី២២ ខែមិថុនា បន្ទាប់ពីភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ កើនឡើងកម្ដៅកាន់តែខ្លាំង។ ទិន្នន័យបង្ហាញថា កម្ពុជា នាំចូលប្រេងសរុបប្រមាណ១០លានលីត្រក្នុងមួយថ្ងៃ ហើយប្រទេសថៃ ជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ខ្លួនដោយសារតម្លៃទាប និងថ្លៃដឹកជញ្ជូនទាប។
មន្ត្រីថៃ អះអាងថា កម្ពុជា ពេលនេះ នាំចូលប្រេងពីប្រទេស ម៉ាឡេស៊ី និងវៀតណាម ជាដើម ដែលមានតម្លៃថ្លៃជាង។ បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ ក៏អាចនឹងកាត់បន្ថយការចម្រាញ់ប្រេងផងដែរ ប្រសិនបើការនាំចេញមានសម្ទុះយឺត ឬធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជា បាននាំចូល២១%នៃប្រេងឥន្ធនៈទាំងអស់ដែលប្រទេសថៃ បាននាំចេញ។
ទន្ទឹមនេះ ក្រុមហ៊ុន PTT Oil and Retail ដែលមានស្ថានីយប្រេងឥន្ធនៈចំនួន១៨៦ទីតាំងនៅក្នុងប្រទេសកម្ពុជា បាននិយាយថា ខ្លួននឹងបន្តលក់ប្រេងឥន្ធនៈរហូតដល់អស់ពីស្តុក ប៉ុន្តែរំពឹងថានឹងមានផលប៉ះពាល់តិចតួចបំផុត៕
ដោយ: តែម សុខុម