វិស័យសេដ្ឋកិច្ច

សភាថៃ បោះឆ្នោតអនុម័តកញ្ចប់ថវិកាជាតិ ១១៧ ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដុនដាប


កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា សភាជាន់ទាបរបស់ប្រទេសថៃ បានអនុម័តកញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណ ១១៧ ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ តទៅ ក្នុងគោលដៅជួយស្ដារសេដ្ឋកិច្ចថៃ ដែលកំពុងដុនដាបខ្លាំង ក្រោមសម្ពាធហានិភ័យជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ​ Bloomberg ឱ្យដឹងថា ប្រទេសថៃ អនុម័តកញ្ចប់ថវិកាជាតិ ឆ្នាំ២០២៦ នេះ មានគោលដៅស្ដារសេដ្ឋកិច្ចជាតិ ឡើងវិញ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជួយគាំទ្រដល់ក្រុមពលរដ្ឋងាយរងគ្រោះ និងរក្សាស្ថិរភាពសង្គម ចំពេលមានបញ្ហាប្រឈមអស្ថិរភាពនយោបាយក្នុងស្រុក និងបញ្ហាប្រឈមនានាក្នុងពិភពលោក។

កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា សភាជាន់ទាបរបស់ប្រទេសថៃ បានបោះឆ្នោតអនុម័តកញ្ចប់ថវិកាជាតិ ក្នុងទំហំរហូតដល់ទៅ ១១៧ ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដាំក្បាលចុះខ្លាំង ដោយក្នុងនោះសមាជិកសភាថៃ ចំនួន ២៥៧ នាក់ បានបោះឆ្នោតគាំទ្រ ខណៈដែលសមាជិកសភាថៃ ២២៩ នាក់ផ្សេងទៀត បានបោះឆ្នោតជំទាស់ បន្ទាប់ពីការជជែកដេញដោលរយៈពេល ៣ ថ្ងៃ។

កញ្ចប់ថវិកាជាតិ ប្រមាណ ១១៧ ពាន់លានដុល្លារអាម៉េរិក​នេះ មានគោលដៅចំណាយ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមមានដូចជា៖ វិស័យទេសចរណ៍ដាំក្បាលចុះ ជម្លោះព្រំដែនជាមួយកម្ពុជា កាន់តែតានតឹង ពន្ធគយបដិការខ្ពស់របស់សហរដ្ឋអាម៉េរិក ១៩% ដាក់លើទំនិញនាំចេញរបស់ថៃ និងអស្ថិរភាពនយោបាយក្នុងស្រុករួមទាំងការព្យួរតំណែងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ត្រ ផងដែរ។

រដ្ឋាភិបាលថៃ បានអះអាងថា ការចំណាយទាំងនេះ គឺចាំបាច់ណាស់ក្នុងគ្រាដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបហានិភ័យ ហើយកញ្ចប់ថវិកាជាតិនេះ រួមបញ្ចូលទាំងឱនភាព ដែលត្រូវបានព្យាករក្នុងទំហំ ២៦,៥ ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹង ៤,៣% នៃផលិតផលក្នុ្ងងស្រុកសរុប (GDP) ផងដែរ។

នៅចំពោះមុខសមាជិកសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ភីឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានសន្យាថា កញ្ចប់ថវិកាជាតិនេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា ព្រឹទ្ធសភាថៃ នឹងពិនិត្យផ្ទៀងផ្ទាត់កញ្ចប់ថវិកាជាតិនេះ នៅថ្ងៃទី ២៥-២៦ ខែសីហា ហើយក្រុមអ្នកវិភាគរំពឹងថា សេចក្ដីព្រាងច្បាប់ថវិកាជាតិនឹងចូលជាធរមានទាន់ពេលវេលា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផលិតផលគ្រាប់ស្វាយចន្ទីខេត្តកំពង់ធំ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលឆាប់ៗនេះ

រាជរដ្ឋាភិបាល បានដាក់មហិច្ឆតាប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ស្របតាមច…

គណបក្សភឿថៃ ច្រានចោលដំណឹងបែកធ្លាយថា លោក ថាក់ស៊ីន លួចធ្វើកិច្ចសន្យា ជាមួយតុលាការធម្មនុញ្ញ

គណបក្សភឿថៃ នៅថ្ងៃទី ទី ១៦ ខែសីហា បានចេញមកច្រានចោល ចំពោះដំណឹងបែកធ្លាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើកិច្ចសន្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ