
សភាតំណាងរាស្រ្តថៃ នឹងកោះប្រជុំសមាជិករបស់ខ្លួននៅថ្ងៃពុធ សប្ដាហ៍នេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី ផែថងថាន ដែលត្រូវបានតុលាការធម្មនុញ្ញថៃ បណ្ដេញចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីសប្ដាហ៍មុន។ ប៉ុន្តែនៅក្រោយឆាកនៃការរៀបចំបង្កើតរដ្ឋាភិបាលថ្មីនេះ គេបានសង្កេតឃើញមានភាពវឹកវរយ៉ាងខ្លាំង ដោយសារការខ្វែងគំនិតគ្នា នៃការដាក់បេក្ខភាពនាយរដ្ឋមន្ត្រី ដោយធ្វើឱ្យសមាជិកសភាបែកចែកគ្នាជា៣ក្រុម គឺក្រុមទឹកក្រូច ក្រុមក្រហម និងក្រុមខៀវ។
ក្រុមសំខាន់ៗទាំងបីនេះ គឺក្រុមទឹកក្រូចដឹកនាំដោយគណបក្សប្រជាជនថៃ ដែលមានសមាជិកសភាចំនួន១៤៣រូប ក្រុមក្រហមដឹកនាំដោយគណបក្សភឿថៃ ជាមួយសមាជិកសភាចំនួន១៤០រូប និងក្រុមខៀវដឹកនាំដោយគណបក្សភូមិចៃថៃ ដែលមានសមាជិកសភាចំនួន៦៩រូប។
គណបក្សភឿថៃ ដែលបានគិតទុកជាមុនអំពីសេចក្តីសម្រេចរបស់តុលាការ បានរៀបចំផែនការបន្ទាន់រួចទៅហើយ ដើម្បីរក្សាសម្ពន្ធភាពដ៏ផុយស្រួយរបស់ខ្លួន និងបានដាក់បេក្ខជនចុងក្រោយរបស់ខ្លួន គឺលោក ឆៃកាសេម នីទិសិរី (Chaikasem Nitisiri) ដើម្បីស្នងតំណែងលោកស្រី ផែថងថាន។ ប៉ុន្តែ យុទ្ធសាស្រ្តនេះហាក់មិនបានជោគជ័យនោះទេ ដោយសារលោក លោក អានុទិន ឆានវីរ៉ាគុល ប្រធានគណបក្សភូមិចៃថៃ ក៏កំពុងខិតខំប្រជែងដណ្តើមយកតំណែងនេះជាមួយគណបក្សភឿថៃដែរ។ លោក អានុទិន បានលួចទាក់ទងដោយសម្ងាត់ជាមួយដៃគូចម្រុះមួយចំនួន ដើម្បីអូសទាញពួកអ្នករត់ចោលបក្សឱ្យចូលរួមក្នុង«ក្រុមខៀវ»របស់លោក។
ការសម្រេចចិត្តគឺស្ថិតនៅលើ«ក្រុមទឹកក្រូច»របស់គណបក្សប្រជាជនថៃ ដែលបានប្រកាសជាផ្លូវការនូវជំហររបស់ខ្លួនថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សមួយផ្សេងទៀត ប៉ុន្តែក្នុងលក្ខខណ្ឌថាសភាត្រូវបានរំលាយក្នុងរយៈពេល៤ខែ ហើយការធ្វើប្រជាមតិធម្មនុញ្ញត្រូវបានធ្វើស្របនឹងការបោះឆ្នោតនោះ។ ហើយគណបក្សនេះនឹងមិនចូលរួមក្នុងរដ្ឋាភិបាលណាមួយទេ ហើយនឹងបន្តធ្វើជាគណបក្សប្រឆាំងដដែល៕
ដោយ៖ សុខ មង្គល