បក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅថៃ បានដកបេក្ខជនឈរឈ្មោះបោះឆ្នោតយ៉ាងតក់ក្រហល់ដោយសារជាប់ពាក់ព័ន្ធអាជីវកម្មល្បែងអនឡាញ។ បេក្ខជនឈរឈ្មោះរបស់បក្សប្រជាជនថៃ ឈ្មោះ រ៉ាច់ឆាពុង សយសុវណ្ណ (Ratchapong Soisuwan) អាយុ៣២ឆ្នាំដែលជាសមាជិកសភាផង ត្រូវបានចាប់ខ្លួនដោយប៉ូលិសការិយាល័យស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនៅផ្ទះរបស់លោកក្នុងក្រុងបាងកក កាលពីថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦។
ក្រុមភ្នាក់ងារស៊ើបអង្កេតនិយាយថា ពួកគេបានតាមដានគណនីធនាគារជាច្រើនដែលប្រើដើម្បីប្រមូលលុយភ្នាល់ល្បែងស៊ីសងតាមអ៊ីនធឺណិត ដែលក្រោយមកលុយទាំងនោះត្រូវបានផ្ទេរទៅគណនីរបស់ឈ្មោះ រ៉ាច់ឆាពុង សយសុវណ្ណ។
មេបក្សប្រជាជនថៃ លោក ណាត់ថាភុង រឿងបញ្ញាវុធ (Natthaphong Ruangpanyawut) បាននិយាយថា លោក រ៉ាច់ឆាពុង សយសុវណ្ណ ត្រូវបានដកចេញពីបញ្ជីបេក្ខជនឈរឈ្មោះ ប៉ុន្តែមិនត្រូវបានដាក់ជំនួសដោយអ្នកថ្មីនោះទេ។ លោកនិយាយថា បក្សប្រជាជនថៃ បានដឹងនៅយប់ថ្ងៃពុធ ទី១៤ ខែមករា ថា លោក រ៉ាច់ឆាពុង សយសុវណ្ណ ធ្លាប់ប្រឈមពាក្យបណ្តឹងពីមុនមក។ មេបក្សប្រជាជនថៃ រូបនេះ បានបន្តថា គណបក្សរបស់លោកបានបើកការស៊ើបអង្កេតផ្ទាល់ខ្លួនរួមទាំងការត្រួតពិនិត្យកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ និងការសួរជនជាប់ចោទដោយផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា បក្សប្រជាជនថៃ បានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាប្រឆាំងអំពើពុករលួយ និង ប្រភពលុយខុសច្បាប់។ លោក រ៉ាច់ឆាពុង សយសុវណ្ណ (Ratchapong Soisuwan) គឺជាបេក្ខជនទី២ ហើយដែលបក្សប្រជាជនថៃ បានដកចេញនៅមុនការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ មកដល់។
គួររំឭកថា កាលពីខែធ្នូ ឆ្នាំ២០២៥ បក្សប្រជាជនថៃ បានដាក់ជំនួសបេក្ខជនឈរឈ្មោះសម្រាប់មណ្ឌលបោះឆ្នោតលេខ៣៣ នៅទីក្រុងបាងកក គឺលោក ប៊ូនយ៉ារីត រ៉ៅរុងរុត (Boonyarit Raorungrot) បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពីការលាងលុយកខ្វក់ដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន៕
ដោយ: តែម សុខុម