នាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីថៃប្ដេជ្ញាថានឹងប្រើប្រាស់កម្លាំងយោធាក្នុងគ្រប់ករណីចាំបាច់ ដើម្បីឆ្លើយតបនឹងកម្ពុជា


នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសប្ដេជ្ញាថា ប្រទេសថៃនឹងធ្វើប្រតិបត្តិការយោធាមកលើកម្ពុជាក្នុងគ្រប់ករណីចាំបាច់ ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ស្របពេលយោធាថៃ កំពុងបាញ់ប្រហារស្រោចមកលើទឹកដីខ្មែរតាំងពីរសៀលថ្ងៃទី៧ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
ទាហានថៃបាញ់ប្រហារមកលើភូមិខ្មែរ
ដោយ

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល ព្រមានប្រើប្រាស់កម្លាំងយោធាក្នុងគ្រប់ករណីចាំបាច់ ដើម្បីឆ្លើយតបជាមួយកម្ពុជា ដែលការព្រមាននេះត្រូវបានក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយមើលឃើញថា ជាស្នៀតចុងក្រោយរបស់នាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរូបនេះ ដើម្បីតោងប្រជាប្រិយភាពដែលកំពុងដាំក្បាលចុះខ្លាំង។ លោក អានុទីន បានលើកឡើងថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានការប្រយុទ្ធគ្នាដោយអាវុធរវាងកងកម្លាំងថៃ និងកម្ពុជានៅទីតាំងជាច្រើនតាមបណ្តោយព្រំដែន ទាំងដែលធាតុពិតគឺទាហានថៃ បានបាញ់ស្រោចមកលើកម្ពុជា ហើយទាហានកម្ពុជាមិនបានបាញ់តដៃទៅវិញនោះឡើយ។

លោក អានុទីន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ស្របតាមច្បាប់អន្តរជាតិ និងសិទ្ធិស្របច្បាប់របស់ប្រទេសថៃ ក្នុងការការពារខ្លួន តែធាតុពិតថៃមិនដែលគោរពច្បាប់ម្ដងណាឡើយ។

លោក អានុទីន ដែលត្រូវបានកាសែតក្នុងស្រុកហៅថាជានាយករដ្ឋមន្ត្រីចៃដន្យបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានកោះប្រជុំនៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ហើយបានសម្រេចថា រដ្ឋាភិបាលថៃនឹងធ្វើសកម្មភាពស្របតាមការសម្រេចចិត្តរបស់ខ្លួន ដោយលោកលើកឡើងថា ប្រទេសថៃនឹងធ្វើប្រតិបត្តិការយោធាក្នុងគ្រប់ករណីចាំបាច់ទាំងអស់ អាស្រ័យលើភាពជាក់ស្ដែង ហើយនឹងចាត់វិធានការយោធាបន្ថែមទៀតនៅពេលចាំបាច់។

លោក អានុទីន និយាយទាំងភាពជឿជាក់ថា រដ្ឋាភិបាលថៃមានទំនុកចិត្តយ៉ាងពេញទំហឹងលើសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលខ្លួននិយាយថា កំពុងប្រតិបត្តិការដោយប្រុងប្រយ័ត្ន ក្រោមច្បាប់ជាក់លាក់ស្តីពីការប្រើប្រាស់កម្លាំង និងគោលការណ៍មនុស្សធម៌ ដើម្បីការពារជនស៊ីវិល និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។

លោក អានុទីន ក៏បានសម្ដែងតួកម្សត់ ធ្វើពុតជាព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាន្ននៅតាមខេត្តជាប់ព្រំដែន ដោយបន្ថែមថា លោកបានបញ្ជាឱ្យភ្នាក់ងារទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់រួមទាំងលំនៅឋាន សន្តិសុខ អាហារ ទឹកស្អាត សេវាវេជ្ជសាស្រ្ត និងសុខុមាលភាពចាំបាច់ផ្សេងទៀតឱ្យបានពេញលេញតាមដែលអាចធ្វើទៅបានផងដែរ។

ហើយដើម្បីការពារការភ័យស្លន់ស្លោ និងព័ត៌មានមិនពិត ទាំងដែលថៃ ជាប្រភពព័ត៌មានក្លែងក្លាយ លោក អានុទីន បានជំរុញឱ្យសាធារណជនតាមដានព័ត៌មានថ្មីៗតាមរយៈបណ្តាញព័ត៌មានផ្លូវការ។ លោក បានចាត់តាំងក្រសួងការពារជាតិ និងក្រសួងការបរទេសជាភ្នាក់ងារនាំមុខ សម្រាប់ការទំនាក់ទំនងសាធារណៈលើបញ្ហាទាំងអស់ដែលទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរឆ្លើយតបបែបណា ក្រោយថៃ បាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើកម្ពុជា?

យោធាថៃ បានបាញ់ប្រហារជាថ្មីមកលើកម្ពុជា នៅទីតាំងជាច្រើនកន្លែង ដោយប្រើប្រាស់អាវុធធុនធំគ្រប់ភេទ រួមទាំងបាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ