នាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីថៃ អួតថា ប្រទេសថៃ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ក្រោយចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់


នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានអួតក្តែងៗថា ប្រទេសថៃ ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ពីទូទាំងពិភពលោកជាថ្មី បន្ទាប់ពីរដ្ឋាភិបាលអាណត្តិ៤ខែរបស់លោក បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣២ នៅទីក្រុងក្យុងជូ (Gyeongju) ប្រទេសកូរ៉េខាងត្បូង កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។
នាយករដ្ឋមន្ត្រីថៃ
ដោយ

​ក្រោយវិលត្រលប់មកដល់ប្រទេសថៃវិញ នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បាននិយាយអួតថា ប្រទេសថៃ ​កំពុង​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ក្រោយពីរដ្ឋាភិបាលរបស់លោកបានចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់រួមមាន កិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី និងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង ហើយថា គោលដៅចម្បងនៃការចូលរួមកិច្ចប្រជុំកំពូលទាំងពីរនេះ គឺដើម្បីបើកទីផ្សារថ្មី ដោយបង្ហាញពីចំណុចខ្លាំងរបស់ប្រទេសថៃ។

នាយករដ្ឋមន្ត្រីថៃ រូបនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកបានជួយផ្សព្វផ្សាយផលិតផលរបស់ថៃ ជាពិសេសទំនិញ​កសិកម្ម ទេសចរណ៍ និងឱកាសការងារសម្រាប់ពលករថៃ ដោយស្នើសុំដោយផ្ទាល់ទៅកាន់បណ្ដាមេដឹកនាំបរទេសឱ្យបង្កើនកូតាការទទួលយកពលករថៃ ហើយថា ប្រទេសជាច្រើនបានឆ្លើយតបជាវិជ្ជមាន។ លោក អានុទីន បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីតាមដានសំណើទាំងនេះ និងជួយទាក់ទាញការវិនិយោគ និងអ្នកទេសចរបរទេសបន្ថែមទៀត។

នៅឯកិច្ចប្រជុំកំពូលទាំងពីរខាងលើ លោក អានុទីន បានផ្សព្វផ្សាយពីចក្ខុវិស័យរបស់ប្រទេសថៃ ​ក្នុងការក្លាយ​ជាមជ្ឈមណ្ឌលចំណីអាហាររបស់ពិភពលោក ដើម្បីគាំទ្រដល់សន្តិសុខស្បៀងអាហារជាសកល និងជាមជ្ឈមណ្ឌលឌីជីថលរបស់ពិភពលោក។

ទាក់ទិនបញ្ហាបទល្មើសឆ្លងដែន លោក អានុទីន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការធ្វើជាអ្នក​ឈានមុខគេក្នុងតំបន់នៅក្នុងការដោះស្រាយបញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនផ្សេងៗទៀត ជាជំហរមួយ ដែលលោកអួតថា ត្រូវបានស្វាគមន៍ដោយប្រទេសចិន សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងអូស្ត្រាលី ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើកិច្ចសហប្រតិបត្តិការ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អេស៊ី ស៊ូភើអេប បង្កើនមុខងារសេវាហិរញ្ញវត្ថុថ្មី ផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍កាន់តែប្រសើរ

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដ៏ធំជាងគេនៅកម្ពុជា បានបន្ដអភិវឌ្ឍសមត្ថភាពសេវាធនាគារឌីជីថល អេស៊ី ស៊ូភើអេប របស់ខ្លួនកាន់តែសម្បូរបែប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ