វិស័យការបរទេស

នាយករដ្ឋមន្ត្រីថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា តើអ្នកជំនាញមានការយល់ឃើញបែបណា?


បើគ្មានការប្រែប្រួលទេ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រុមអ្នកជំនាញចាត់ទុកដំណើរទស្សនកិច្ចផ្លូវការនេះ ជាកិច្ចការចាំបាច់ និងសំខាន់សម្រាប់ប្រទេសកម្ពុជា និងថៃ ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ដោយសារការឡើងកម្តៅនៃសង្រ្គាមពន្ធ រវាងសហរដ្ឋអាម៉េរិក និងចិន។
វិស័យការបរទេស
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការមកបំពេញទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា មិនត្រឹមតែដើម្បីរឹតចំណងការទូតរវាងប្រទេសទាំងនោះទេ តែវាដំណើរទស្សនកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរ។ សម្រាប់អ្នកជំនាញរូបនេះ ស្របពេលដែលបញ្ហាសង្រា្គមពន្ធរវាងសហរដ្ឋអាម៉េរិក និងចិន កាន់តែឡើងកម្តៅ តម្រូវឱ្យប្រទេសទាំងពីរ ចាំបាច់ត្រូវពិភាក្សាគ្នាលើការពង្រឹងសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្រៅពីពិភាក្សាលើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្ម អ្នកជំនាញរូបនេះជឿជាក់ថា ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងពិភាក្សាគ្នាទៅលើការកសាងទំនុកចិត្តផ្នែកនយោបាយ ទេសចរណ៍ អប់រំ និងសុខភិបាល ផងដែរ។

បញ្ហាសន្តិសុខតាមព្រំដែន ការជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ក៏ជាកិច្ចការចាំបាច់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែលើកយកមកពិភាក្សាដើម្បីដោះស្រាយ និងទប់ស្តាត់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត គិន ភា ដោយបានបន្ថែមថា ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហាក្តៅជុំវិញបញ្ហាព្រំដែននៃប្រទេសទាំងពីរ គឺទំនងជាមិនអាចបញ្ចប់បានភ្លាមៗតាមរយៈដំណើរទស្សនកិច្ចនាពេលនេះនោះទេ ប៉ុន្តែនឹងអាចមានការចរចាទៅរកដំណោះស្រាយរួមតាមសន្តិវិធីណាមួយជាក់ជាពុំខាន។

ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជានេះ វាជាកិច្ចការចាំបាច់មួយ ស្របពេលប្រជាពលរដ្ឋនៃប្រទេសទាំងពីរកំពុងមានការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែន។ អ្នកជំនាញរូបនេះរំពឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងអាចមានសាររួមគ្នាមួយ ដើម្បីឆ្លើយតបទៅកាន់ប្រជាពលរដ្ឋទាំងសងខាងដោយសមស្រប។ បន្ថែមពីនេះដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយដើម្បីឈានទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ស្របពេលដែលកំពុងទទួលរងនូវសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅអំឡុងទស្សនកិច្ចនៅកម្ពុជា របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមួយចំនួនផងដែរ។

គួរជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃ នៅត្រីមាសទី១ ឆ្នាំ២០២៥ សម្រេចបានជាង១ពាន់លានដុល្លារកើនឡើង២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានជាង២៥៥លានដុល្លារ ថយចុះជាង១០% ខណៈកម្ពុជា នាំចូលពីថៃវិញមានទំហំជាង៨៩៣លានដុល្លារកើនឡើង៦,៧%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនឹងរដ្ឋាករ៕




អត្ថបទបន្ទាប់


តម្លៃប្រេងធ្លាក់ថ្លៃ ខណៈពិភពលោកកំពុងតាមដានកាវិវត្តនៃបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរួមទាំងនៅអាម៉េរិកបានធ្លាក់ចុះនៅថ្ងៃចន្ទ ទី២១ ខែមេសា នេះ ខណៈដែលក្រុមឈ្មួញព្រួយបារម្ភខ្លាចសង្គ្រាមពាណិជ្ជកម្មដែល…

អ្នកជំនាញព្យាករថា តម្លៃមាសអាចនឹងហក់ដល់៤,៥០០ដុល្លារក្នុង១តម្លឹងនៅមុនដំណាច់ឆ្នាំនេះ

ហាងឆេងមាសនៅកម្ពុជា បានហក់ឡើងបំបែកកំណត់ត្រាជាថ្មីឈានដល់៤,០៧៩ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ