ការនាំចេញអង្កររបស់ថៃ ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះមកត្រឹម៧លានតោននៅឆ្នាំ២០២៦ មានការធ្លាក់ប្រមាណ១លានតោន ឬជាង១០% បើធៀបនឹងឆ្នាំ២០២៥ ដែលសម្រេចបានប្រមាណ៨លានតោន ក្រោយទីផ្សារធំនៅអាស៊ាន ដូចជា ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើមផ្អាកការនាំចូលអង្ករពីប្រទេសនេះ។ ប៉ុន្តែអ្នកជំនាញថៃ បានបន្ទោសការធ្លាក់ចុះការនាំចេញអង្ករនេះ ទៅលើស្ថានភាពនៃស្ថិរភាពតម្លៃប្រាក់បាត ដែលធ្វើឲ្យអ្នកទិញពិបាកយកទៅប្រកួតប្រជែងជាមួយអ្នកផ្គត់ផ្គង់អង្ករមកពីប្រទេសឥណ្ឌា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗ លោកស្រី អារ៉ាដា ហ្វួងថុង (Arada Fuangtong)ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា តម្លៃប្រាក់បាតថៃ បច្ចុប្បន្នកំពុងអស្ថិរភាពដោយបានកើនឡើងចន្លោះពី១០ ទៅ២០%។ មន្ត្រីជាន់ខ្ពស់រូបនេះបានព្រមានថា ប្រសិនបើតម្លៃប្រាក់បាតបន្តកើនឡើងថែមទៀត នោះវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់ថៃ។
បច្ចុប្បន្នទីផ្សារអង្ករថៃ ត្រូវបានរំពឹងខ្លាំងលើកិច្ចព្រមព្រៀងទិញ-លក់អង្ករទំហំ៥០ម៉ឺនតោនរបស់ទីផ្សារចិន និងទីផ្សារ១០ម៉ឺនតោននៅសិង្ហបុរី។ ដើម្បីរក្សាស្ថិរភាពទីផ្សារអង្កររបស់ខ្លួន អ្វីដែលថៃ កំពុងធ្វើនៅពេលនេះ គឺស្វែងរកការពង្រីកការនាំចេញអង្ករស និងអង្ករចំហុយទៅកាន់ប្រទេសអ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។ ក្រៅពីនេះ ថៃ ក៏មានគម្រោងស្វែងរកឱកាស និងទីផ្សារបន្ថែមនៅអាល្លឺម៉ង់ ស្វីស និងអាម៉េរិកផងដែរ៕