
ព្រឹទ្ធសមាជិកលោក ថាណាវ៉ាត ស្រ៊ីស៊ុក (Thanawat Srisuk) បានដឹកនាំសមាជិកព្រឹទ្ធសភាមួយក្រុម ដើម្បីដាក់ញត្តិទៅកាន់ប្រធានគណបក្សប្រជាជថៃ លោក ណាថាភុង រឿងផានយ៉ាវុត (Natthaphong Ruengpanyawut) ឱ្យពិនិត្យមើលភាពស្របច្បាប់របស់លោក Anutin ក្នុងការធ្វើជានាយករដ្ឋមន្ត្រីថៃ ក្រោយសង្ស័យថា លោកបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រឹទ្ធសភាមួយដែលអាចធ្វើឱ្យលោកបាត់បង់សិទ្ធិជានាយករដ្ឋមន្ត្រីទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
តែយ៉ាងណាលោក ថាណាវ៉ាត ហាក់មានការព្រួយបារម្ភចំពោះការប៉ុនប៉ងរារាំងការស៊ើបអង្កេតនេះ ហើយថា មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដែលកំពុងសាកសួរសាក្សីចំនួន១២០០នាក់នៅទូទាំងខេត្តមួយចំនួនបានប្រឈមនឹងការរារាំងពីក្រុម«ដៃងងឹត»ដ៏មានឥទ្ធិពល ដែលនៅពីក្រោយលោក អនុទីន។ លោកបានបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងការស៊ើបអង្កេតនេះត្រូវបានកោះហៅដើម្បីសួរចម្លើយ។
ដោយចាត់ទុកបញ្ហានេះ គឺជាបញ្ហាសន្តិសុខជាតិ លោក ថាណាវ៉ាត បានអះអាងថា ករណីនេះមានកម្រិតលើសពីអំពើពុករលួយធម្មតា និងបានបំផ្លាញរចនាសម្ព័ន្ធរដ្ឋព្រមទាំងគំរាមកំហែងដល់ស្ថិរភាពជាតិ ផងដែរ។ លោក ក៏បានឆ្លៀតរិះគន់ពីភាពយឺតយ៉ាវនៃដំណើរការស៊ើបអង្កេត និងបានចោទប្រកាន់គណៈកម្មការការរៀបចំការបោះឆ្នោត (EC) ថា បានដើរអូសជើងជាងមួយឆ្នាំដោយគ្មានដំណើរការប្រកបដោយផ្លែផ្កា៕
ដោយ៖ សុខ មង្គល