
ពេលនេះអាជ្ញាធរថៃ កំពុងបន្តស៊ើបអង្កេតជុំវិញការដួលរលំអគារនេះ ដោយផ្ដោតលើបញ្ហាបច្ចេកទេសសាងសង់ និងគុណភាពសំណង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
អភិបាលក្រុងបាងកកបានទម្លាយឱ្យដឹងកាលពីថ្ងៃទី១៣ ខែឧសភា ថា ប្រទេសថៃ បានប្រកាសជាផ្លូវការបិទបញ្ចប់ហើយនូវប្រតិបត្តិការរុករករយៈពេល៦សប្តាហ៍នៅទីតាំងគំនរបាក់បែកនៃអគារកម្ពស់ជាង៣០ជាន់នៅទីក្រុងបាងកក ដែលបានដួលរលំក្នុងគ្រោះរញ្ជួយដីដ៏កំណាចកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានឆក់យកអាយុជីវិតកម្មករសំណង់អស់ជិត១០០នាក់។
អាជ្ញាធរថៃ កំពុងបន្តស៊ើបអង្កេតស្វែងរកឫសគល់ចម្បងថា តើហេតុអ្វីបានជាអគារកម្ពស់ជាង៣០ជាន់ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នៅឡើយនេះដួលរលំងាយស្រួលបែបនេះ ខណៈដែលអគារខ្ពស់ៗផ្សេងទៀតនៅក្បែរៗនោះនៅតែអាចឈរទ្រឹងយ៉ាងរឹងមាំ។
អាជ្ញាធរថៃ បានអះអាងថា អ្នកស្លាប់ក្រោមគំនរអគារបាក់បែកនេះមានចំនួនសរុប៩៦នាក់ ហើយបានរកឃើញសាកសពចំនួន៨៩នាក់ ខណៈដែលសព៧នាក់ទៀតរកមិនទាន់ឃើញនៅឡើយ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានធ្វើឱ្យកក្រើកក្រុងបាងកក នេះគឺផ្ដើមចេញពីចំណុចរញ្ជួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ទៅជាង៣,៧០០នាក់។
គួររំឭកថា អង្គការឃ្លាំមើលករណីអំពើពុករលួយមួយនៅប្រទេសថៃអះអាងថា ខ្លួនធ្លាប់បានទម្លាយប្រាប់អាជ្ញាធរថៃថា ខ្លួនបានរកឃើញភាពមិនប្រក្រតីនៅក្នុងអគារដែលបានដំណើរការសាងសង់ក្នុងឆ្នាំ២០២០ នេះ មុនពេលវាដួលរលំ ខណៈដែលក្រុមមន្ត្រីជំនាញបាននិយាយថា ការធ្វើតេស្តបឋមត្រួតពិនិត្យសម្ភារៈសំណង់នៅទីតាំងអគារនេះបានរកឃើញថា ដែកមានគុណភាពអន់ ឬដែកមិនត្រូវតាមស្តង់ដារត្រូវបានប្រើប្រាស់នៅក្នុងការសាងសង់អគារនេះ៕
ដោយ: តែម សុខុម