
លោក បេនចាមីន ស៊ូកានចាណាចទី (Benjamin Sukanjanajtee) អគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់របស់ក្រសួងការបរទេសថៃ បានចាត់ទុកអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលចុះហត្ថលេខាជាមួយកម្ពុជា ជា MoU ស្របតាមច្បាប់ ហើយនៅតែសំខាន់សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក និងដែនសមុទ្រ។ ដូច្នេះថៃគ្មានហេតុផលណាមួយលុបចោល MoU តាមការទាមទាររបស់គណបក្សប្រឆាំងនៅថៃ នោះទេ។
សម្រាប់លោក បេនចាមីន MoU នេះជាក្របខណ្ឌ និងជាមូលដ្ឋានគ្រឹះមួយសម្រាប់គណៈកម្មការព្រំដែនរួម (JBC) និងអនុគណៈកម្មាធិការបច្ចេកទេសរួម (JTSC) ដើម្បីធ្វើការឆ្ពោះទៅរកការបោះបង្គោលព្រំដែន ដោយប្រើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ លោកមានទំនុកចិត្តថា ប្រទេសថៃនឹងទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងឆ្នាំ២០០០ នេះ ហើយថាក្រោម MoU នេះ ប្រទេសទាំងពីរត្រូវតែរួមគ្នាវាស់វែង និងកំណត់បង្គោលព្រំដែន ដើម្បីផលិតផែនទីដែលអាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង។
លោកបាននិយាយថា ប្រទេសថៃ មិនអាចបោះបង់ចោលសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងផែនទីខ្នាត១លើ២០ម៉ឺន (១:២០០,០០០) បានឡើយ។ បើតាមលោក បេនចាមីន MoU ឆ្នាំ២០០០ តម្រូវឱ្យភាគីថៃ និងកម្ពុជា ចៀសវាងសកម្មភាពណាមួយដែលអាចផ្លាស់ប្តូរបរិស្ថាននៃតំបន់ព្រំដែន ដើម្បីកុំឱ្យប៉ះពាល់ដល់ការវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើវិវាទបានកើតឡើងជុំវិញការបកស្រាយ ឬការអនុវត្ត MoU តម្រូវឱ្យភាគីទាំងពីរចរចាគ្នាដោយផ្ទាល់ ដោយគ្មានការពាក់ព័ន្ធនឹងភាគីទីបី ឬក៏ស្វែងរកយន្តការជំនួសដើម្បីដោះស្រាយបញ្ហានេះឡើយ៕
ដោយ៖ សុខ មង្គល