
លោក សំចៃ ផាកាផាសវីវ៉ាត (Somjai Phagaphasvivat) អ្នកជំនាញខាងសេដ្ឋកិច្ចអន្តរជាតិ បានព្រមានថា ប្រទេសថៃ មិនអាចផ្តល់សំណើពាណិជ្ជកម្មជាមួយនឹងអាម៉េរិក ឱ្យដូចប្រទេសវៀតណាម បានឡើយ ហើយថា វៀតណាម អាចមិនយកពន្ធលើការនាំចូលរបស់អាម៉េរិក ទាំងអស់បាន ក៏ដោយសារតែប្រទេសនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងដៃគូ២៧ប្រទេសដែលបានកាត់បន្ថយពន្ធនាំចូលភាគច្រើនរបស់វៀតណាម មកត្រឹមសូន្យ។
លោកបានបន្ថែមថា ផ្ទុយទៅវិញប្រទេសថៃ ទំនងជាមិនអាចធ្វើដូចវៀតណាម បានឡើយព្រោះប្រទេសនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូនៅមានចំនួនតិចជាងដៃគូរបស់វៀតណាមទៅទៀត។ ទោះយ៉ាងណាលោក សំចៃ បានផ្ដល់ជាយោបល់ថា រឿងមួយដែលថៃ ត្រូវពិចារណានោះ គឺប្រទេសថៃ ប្រហែលជានឹងត្រូវធ្វើដូចវៀតណាម បាននៅក្នុងពេលអនាគត។ ប៉ុន្តែពេលនេះ ថៃ ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនសិន ហើយនៅពេលថៃ មានកិច្ចព្រមព្រៀង FTA បន្ថែមទៀតជាមួយនឹងប្រទេសផ្សេងទៀត ពេលនោះថៃនឹងអាចបើកចំហបានពេញលេញដូចវៀតណាម បានហើយ។
បើតាមការលើកឡើងរបស់លោក សំចៃ បច្ចុប្បន្នប្រទេសថៃ កំពុងចរចាជាមួយអាម៉េរិក ក្នុងបំណងសំខាន់បំផុត គឺស្នើសុំកាត់បន្ថយពន្ធលើការនាំចេញទំនិញរបស់ថៃ ទៅកាន់ទីផ្សារអាម៉េរិក ជាថ្នូរនឹងការយកពន្ធ០% លើការនាំចូលទំនិញរបស់អាម៉េរិក មកប្រទេសថៃ។ លោក សំចៃ បានផ្ដល់ជាយោបល់ថា ផលិតផលរបស់អាម៉េរិក ដែលមិនយកពន្ធគួរតែជាផលិតផល ដែលគ្មានការផលិតនៅក្នុងស្រុក ឬក៏អាចផលិតតែក្នុងបរិមាណមានកំណត់បានហើយ។
ទោះយ៉ាងណា លោក សំចៃ បានបន្ថែមថា គោលនយោបាយពន្ធដាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនមែនគ្រាន់តែសំដៅលើការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងអាម៉េរិក ជាមួយនឹងប្រទេសផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងការភ្ជាប់បញ្ហាសន្តិសុខជាមួយនឹងគោលនយោបាយពាណិជ្ជកម្ម ដែលអាចជ្រៀតជ្រែកក្នុងកិច្ចការនយោបាយក្នុងប្រទេសផ្សេងទៀត ដើម្បីធ្វើជាយន្តការសម្រាប់ពង្រីកឥទ្ធិពលរបស់អាម៉េរិកនៅក្នុងតំបន់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ផងដែរ៕
ដោយ៖ សុខ មង្គល