
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៤នេះ ការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺកាន់តែគឃ្លើនទៅៗ ដោយមិនព្រមចាត់វិធានការដើម្បីបន្ថយកម្រិតតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ ពោលគឺទាហានថៃបានបើកការវាយប្រហារយ៉ាងឃោរឃៅមកលើទឹកដីកម្ពុជាតាំងពីម៉ោង២រំលងអធ្រាត្រមកម្ល៉េះ ជាមួយនឹងការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការឈ្លានពានជាទ្រង់ទ្រាយធំដោយការពង្រាយកងទ័ពថ្មើរជើង និងរថក្រោះ ចូលទៅក្នុងតំបន់ជាច្រើនរបស់ដែនដីកម្ពុជា។ តែយ៉ាងណា ចំពោះសភាពការណ៍នៅតាមតំបន់ព្រំដែនសមុទ្រវិញ អ្នកនាំពាក្យរូបនេះអះអាងថា គឺមានសភាពស្ងប់ស្ងាត់ជាធម្មតាមកទល់ពេលនេះ។ បើតាមលោកជំទាវ ម៉ាលី សុជាតា សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនរបស់ភាគីថៃទាំងនេះនៅតែបន្តកើតឡើងដដែលៗ បើទោះបីជាមានការខិតខំប្រឹងប្រែងជំរុញឱ្យមានបទឈប់បាញ់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ យ៉ាងណាក្តី។
គួរជម្រាបថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពិភាក្សាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដោយក្នុងនោះលោក ដូណាល់ ត្រាំ បាងបង្ហាញឆន្ទៈចង់ឃើញនូវការឈប់បាញ់គ្នា និងសន្តិភាពរវាងប្រទេសទាំងពីរ។ សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក ដូណាល់ ត្រាំ ថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ ដូចនឹងជំហររបស់កម្ពុជាធ្លាប់បានបញ្ជាក់ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី២៤ កក្កដា កន្លងទៅផងដែរ។ តាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានាធិបតីសហរដ្ឋអាម៉េរិកក៏បានពិភាក្សាជាមួយលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃជុំវិញបញ្ហានេះ ដោយភាគីថៃបានឯកភាពជាមួយសំណើរបស់លោក ដូណាល់ ត្រាំ ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ តែយ៉ាងណា សម្តេចធិបតី រំពឹងថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀតដូចកាលពីថ្ងៃទី២៤ កក្កដា ក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។
ជុំវិញបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីបន្តពិភាក្សាលើកិច្ចការងារនេះជាមួយលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកដើម្បីសម្របសម្រួលជាមួយភាគីថៃក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ ដែលបានព្រមព្រៀងគ្នាឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ព និងប្រជាពលរដ្ឋទាំងសងខាង៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ