
រដ្ឋាភិបាលថៃ បានបង្ហាញផែនការប្រកបដោយមហិច្ឆតាក្នុងការគ្រប់គ្រងកន្លែងកម្សាន្ត និងកាស៊ីណូលំដាប់ពិភពលោកឱ្យបានតឹងរ៉ឹង ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរប្រទេសថៃ ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ពិភពលោកនិងជួយដោះស្រាយការធ្លាក់ចុះចំនួនភ្ញៀវទេសចរ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ជូឡាភុន អាមនវីវ៉ាត់ (Julapun Amornvivat) បានលើកឡើងថា គម្រោងនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ភាពទាក់ទាញពេញមួយឆ្នាំដល់អ្នកទេសចរ។
ជាមួយគ្នានេះ នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ លោក ស៊ូកសិទ្ធ ស្រ៊ីចំក្វាន (Suksit Srijomkwan)បានអះអាងថា បច្ចុប្បន្នប្រទេសថៃ មានកន្លែងសម្រាប់កម្មវិធីធំៗ ការប្រគុំតន្រ្តីលំដាប់ពិភពលោក តែអត់ដំបូល និងខ្វះភាពសមរម្យ ប៉ុន្តែគម្រោងរីសត និងកាស៊ីណូខាងលើមានការរួមបញ្ចូលមជ្ឈមណ្ឌលតាំងពិព័រណ៍ កន្លែងប្រគុំតន្ត្រីខ្នាតធំ សារមន្ទីរ សួនទឹក និងសួនកម្សាន្តជាដើម។ លោកបានបន្តថា ក្រៅពីផ្តល់ការកម្សាន្ត រដ្ឋាភិបាលថៃនឹងរឹតបន្តឹងការត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុលើមជ្ឈមណ្ឌលនេះ ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុផងដែរ។
តាមពិតទៅរដ្ឋាភិបាលថៃ មានបំណងធ្វើឲ្យគម្រោងនេះលេចចេញជារូបរាងតាំងពីដើមឆ្នាំនេះម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារការប្រឆាំងកើនឡើងពីសកម្មជននយោបាយ និងគណបក្សនយោបាយមួយចំនួន៕
ដោយៈ សរ សុជាតិ