
ក្រោយកងទ័ពថៃ បើកការវាយឈ្លានពានមកលើកម្ពុជា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មថៃ បានប៉ាន់ប្រមាណថា ជម្លោះនេះ បានធ្វើឱ្យថៃ ខាតបង់សេដ្ឋកិច្ចជាង៣០០លានដុល្លារ ហើយអាចធ្វើឱ្យថៃ ប្រឈមនឹងការខាតបង់ជិត២ពាន់លានដុល្លារនៅឆ្នាំនេះ ប្រសិនបើជម្លោះព្រំដែននេះបន្តអូសបន្លាយពេលយូរបន្ថែមទៀត។
គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តផែនការផ្ដល់ថវិកាជិត៣១ម៉ឺនដុល្លារដល់គ្រួសារទាហានពលីជីវិតនីមួយៗនៅក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពថៃ និងកម្ពុជា ខណៈថៃ កំពុងត្រៀមកញ្ចប់ថវិកាជិត៧៧៣លានដុល្លារដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចជាតិ។ បើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្មរបស់ថៃ ការនាំចេញទំនិញរបស់ថៃ មកកម្ពុជាមានតម្លៃជាង៩ពាន់លានដុល្លារកាលពីឆ្នាំមុនមានការកើនឡើង១៣ដងក្នុងរយៈពេល២០ឆ្នាំមកនេះ។
ទន្ទឹមនឹងនេះ ទិន្នន័យរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា ថៃ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ បានចំនួនជិត២០លាននាក់ នៅក្នុងរយៈពេល៧ខែកន្លងមកនេះធ្លាក់ចុះ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី ថាផានី កៀតផៃប៊ុល (Thapanee Kiatphaibool) ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រទេសចិន បានក្លាយជាអតិថិជនដ៏ធំបំផុតរបស់ថៃ និងជាដៃគូប្រកួតប្រជែងដ៏សំខាន់បំផុតរបស់ថៃ ហើយថា ប្រទេសជាច្រើនកំពុងចំណាយធនធានយ៉ាងច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរចិន ខណៈប្រទេសចិន កំពុងវិនិយោគយ៉ាងខ្លាំងដើម្បីទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិ៕
ដោយ៖ សុខ មង្គល