ហើយទាក់ទិនបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា រួមទាំងគម្រោងដោះលែងកងទ័ពកម្ពុជាផង នឹងត្រូវផ្អាកទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានបញ្ជាឱ្យពន្យារពេលដោះលែងទាហានកម្ពុជាទាំង១៨នាក់ បន្ទាប់ពីទាហានថៃពីរនាក់ដើរជាន់មីនក្បែរព្រំដែនកម្ពុជាបណ្ដាលឱ្យរងរបួសធ្ងន់នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានព្រមានថា ប្រទេសថៃអាចនឹងចាត់វិធានការធ្ងន់ធ្ងរជាងការដាក់បណ្ដឹងតវ៉ាផ្នែកការទូត ប្រសិនបើការស៊ើបអង្កេតបញ្ជាក់ថា កងទ័ពកម្ពុជាមានចេតនាដាក់បង្កៃគ្រាប់មីនដើម្បីវាយឆ្មក់ទាហានថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
កាសែតថៃដដែលបានបញ្ជាក់ទៀតថា ក្រសួងការពារជាតិថៃ បានកំណត់ពេលដោះលែងទាហានកម្ពុជាទាំង១៨នាក់នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា បន្ទាប់ពីកំណត់ថា ភាគីកម្ពុជាបំពេញបានតាមលក្ខខណ្ឌសំខាន់ៗចំនួន២ គឺការបញ្ចប់ដំណាក់កាលដំបូងនៃការដកអាវុធធុនធ្ងន់ និងការមិនរារាំងប្រតិបត្តិការបោសសម្អាតមីននៅក្នុងតំបន់ ដែលបានកំណត់ចំនួន៥ ហើយថា ភាគីកម្ពុជាបានជូនដំណឹងដល់រដ្ឋាភិបាលថៃថា ខ្លួននឹងបញ្ចប់ដំណាក់កាលដំបូង នៃការដកសព្វាវុធធុនធ្ងន់នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ។
ទោះយ៉ាងណា កងទ័ពភូមិន្ទថៃបានរាយការណ៍នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ថា ទាហានថៃពីរនាក់បានរងរបួស ខណៈកំពុងដើរល្បាតនៅតាមព្រំដែនក្នុងខេត្តស៊ីសាកេត ជិតតំបន់ប្រាសាទព្រះវិហារ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ មេបញ្ជាការភូមិភាគ២របស់ថៃ កំពុងស៊ើបអង្កេតថា តើគ្រាប់មីនដែលផ្ទុះនោះជាគ្រាប់មីនចាស់ ឬទើបដាក់បង្កៃថ្មី ហើយថា ភ័ស្តុតាងបឋមបានបង្ហាញថា វាជាមីនទើបដាក់បង្កៃថ្មីៗនេះ។ ដូច្នេះលោកបានបញ្ជាឱ្យមេបញ្ជាការពន្យារពេលដោះលែងទាហានកម្ពុជាទាំង១៨នាក់ដោយគ្មានការកំណត់។
ទាក់ទិនបញ្ហានេះដែរនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា រួមទាំងការដោះលែងកងទ័ពកម្ពុជា ក្រោយកើតមានករណីទាហានថៃដើរជាន់មីនផ្ទុះរងរបួសធ្ងន់។ ជាមួយគ្នានេះលោក អានុទីន បានណែនាំឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។
លោក អានុទីន បានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុជាន់មីនផ្ទុះនេះបានបង្ហាញពីអរិភាពដែលកំពុងបន្តកើតមានប្រឆាំងសន្តិសុខ និងដែនអធិបតេយ្យភាពរបស់ប្រទេសថៃ ហើយថា នេះបង្ហាញយ៉ាងច្បាស់ថា អរិភាពចំពោះសន្តិសុខជាតិរបស់ថៃមិនបានថយចុះនោះទេ។ លោក អានុទីន បានបន្ថែមថា យោធា និងក្រសួងការពារជាតិថៃ នឹងពន្យល់ពីស្ថានភាពនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅពេលក្រោយ៕
ដោយ: តែម សុខុម