វិស័យការពារជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ថា ថៃ គ្មានសិទ្ធហាមពលរដ្ឋខ្មែរមិនឱ្យថតរូបបង់កក្រមាប៉ាក់រូបទង់ជាតិកម្ពុជា នៅប្រាសាទតាក្របីនោះទេ


អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ពលរដ្ឋ ឬទាហានថៃ គ្មានសិទ្ធិហាមឃាត់ពលរដ្ឋខ្មែរ ដែលទៅលេងកម្សាន្តនៅប្រាសាទតាក្របី មិនឱ្យថតរូបភ្ជាប់ជាមួយក្រមាមានប៉ាក់រូបទង់ជាតិកម្ពុជា នោះទេ។ ការអះអាងបែបនេះធ្វើឡើងក្រោយមានពលរដ្ឋ និងទាហានថៃ បានហាមពលរដ្ឋខ្មែរ ដែលបង់កក្រមាមមានប៉ាក់រូបទង់ជាតិកម្ពុជា មិនឱ្យថតរូបនៅប្រាសាទតាក្របី ក្នុងអំឡុងពេលពួកគេទៅដើរលេងកម្សាន្ត និងទស្សនាប្រាសាទនេះ កាលពីពេលថ្មីៗ។
វិស័យការពារជាតិ
ដោយ

ក្រសួងការពារជាតិ បានចាត់ទុកទង្វើ ដែលមិនស្គាល់ច្បាប់ទម្លាប់របស់ពលរដ្ឋ និងទាហានថៃនេះ វាផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងថៃ ដែលឈរនៅតំបន់នោះបានឯកភាពគ្នា។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកអាកប្បកិរិយារបស់ពលរដ្ឋ និងក្រុមទាហានថៃ ដែលមិនស្គាល់ច្បាប់ទម្លាប់បានធ្វើដាក់លើពលរដ្ឋខ្មែរនៅប្រាសាទតាក្របី ដោយហាមពលរដ្ឋខ្មែរមិនឱ្យថតរូបភ្ជាប់ជាមួយក្រមាមានប៉ាក់រូបទង់ជាតិខ្មែរកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងថៃដែលបានឈរជើងនៅទីនោះបានដឹង និងបានព្រមព្រៀងគ្នាកន្លងមក។

លោកជំទាវបានបន្តថា ក្នុងអំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរ ហើយក្នុងចំណោមទាហានថៃ ដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃ ឡើងមកប៉ុណ្ណោះ ដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។

បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ ក្រោយឃើញបញ្ហានេះកើតឡើង កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របីបានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃ ទាំងនោះថា ការលើកឡើងនេះ ពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថា មិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃ មកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃ យ៉ាងគគ្រឹកគគ្រេងផងដែរ។

បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញ ដោយកម្ពុជា បានអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ ស្របតាមកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាពីមុន។ ជាមួយគ្នានេះ កងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា អាចនាំចេញទុរេនទៅចិន ជាផ្លូវការ តើអ្នកជំនាញ និងអ្នកដាំមានការរំពឹងបែបណា?

ទុរេន ដែលជាផ្លែឈើកំពុងទទួលបានការពេញនិយម និងកំពុងមានការដាំដុះកាន់តែច្រើននៅកម្ពុជា ទទួលបានការអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិ…

តើទីផ្សារទិញលក់អចលនទ្រព្យមានការកើនឡើង ឬថយចុះយ៉ាងណានៅ៦ខែកន្លងមកនេះ?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានវាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជា នៅមិនទាន់មានភាពប្រសើរឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយទេ គិតមកទល់ពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ