ថៃខឹងឆេះដុំ និងបន្ទោសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យពាណិជ្ជកម្មថៃខាតបះដៃបះជើង


អ្នកនាំចេញទំនិញ និងអាជីវកម្មនានារបស់ថៃនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់ភ្លាមៗជាឯកតោភាគី ដោយគ្មានការជូនដំណឹងទៅភាគីថៃជាមុន។ ការបិទច្រកព្រំដែនជាឯកតោភាគីនេះ បានធ្វើឱ្យឡានដឹកទំនិញធុនធំរបស់ថៃ រហូតដល់ទៅប្រមាណ៥០០គ្រឿងជាប់ស្ទះកកកុញ ហើយកំពុងគំរាមកំហែងដល់ពាណិជ្ជកម្មក្នុងទំហំរហូតដល់ទៅប្រមាណ៤ពាន់លានដុល្លារអាម៉េរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ថៃខឹងឆេះដុំ និងបន្ទោសមីយ៉ាន់ម៉ា
ដោយ

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មន្ត្រីមីយ៉ាន់ម៉ានៅច្រកព្រំដែនជាប់ជាមួយថៃ បានបិទច្រកព្រំដែនភ្លាមៗហាមមិនឱ្យរថយន្តដឹកទំនិញថៃ ឆ្លងកាត់ និងបិទការធ្វើពាណិជ្ជកម្មទាំងអស់។ វិធានការនេះបានធ្វើឡើងដោយគ្មានការជូនដំណឹងជាមុនដល់អាជ្ញាធរថៃ រួមទាំងមន្ត្រីគយរបស់ថៃផងដែរ។ ការបិទព្រំដែននេះជាការបញ្ជាផ្ទាល់ចេញពីរដ្ឋធានីណៃពិដោ របស់មីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃវិធានការបង្រ្កាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងគោលបំណងបង្វែរប្រាក់ចំណេញពីពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិ ព្រោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មួយភាគធំនៃប្រាក់ចំណូលបានពីពាណិជ្ជកម្មតាមព្រំដែននេះបានធ្លាក់ទៅលើដៃយោធានៅក្នុងតំបន់ព្រំដែនខាងលើ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាពេលនេះកំពុងស្វះស្វែងរឹតបន្តឹងការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលដើម្បីឱ្យខ្លួនមានសេដ្ឋកិច្ចកាន់តែរឹងមាំ។ សូមបញ្ជាក់ថា ខណៈដែលស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ដែលជាស្ពានពាណិជ្ជកម្មដ៏សំខាន់ត្រូវបានបិទ ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ នៅតែបើកដំណើរការធម្មតាសម្រាប់អ្នកថ្មើរជើង និងពាណិជ្ជកម្មតូចតាចក្នុងមូលដ្ឋាន។

ច្បាស់ណាស់ថា ការបន្តបិទស្ពានពាណិជ្ជកម្មឆ្លងកាត់ដ៏សំខាន់នេះនឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាននៅទាំងសងខាងនៃព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយអ្នកដែលខាតបង់ធ្ងន់ធ្ងរជាងគេ គឺខាងភាគីថៃ ដែលធ្វើឱ្យថៃខឹងឆេះដុំ ហើយបន្ទោសមីយ៉ាន់ម៉ា ថាបិទព្រំដែនជាឯកតោភាគីមិនគោរពភាពជាប្រទេសជិតខាងគ្នា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការកកស្ទះទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមកាលពីពេលថ្មីៗ មកទល់ពេលនេះមានស្ថានភាពយ៉ាងណាហើយ?

ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមថ្មីៗនេះបានរងការកកស្ទះនៅតាមច្រកទ្វារព្រំដែនយ៉ាងខ្លាំង ក្រោយអាជ្ញាធរវៀតណាមអនុវត្តបទប្បញ្ញត្តិថ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ