កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ក្រសួងទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ (DDPM) បានចេញការព្រមានទៅកាន់ប្រជាជនរស់នៅក្នុងខេត្តចំនួន១៣ នៅភាគខាងត្បូងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ជន់លិចភ្លាមៗ ទឹកហូរខ្លាំង បំណាក់ដី និងទឹកហៀរចេញពីអាងស្តុកទឹក ក្រោយមានការព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅសប្ដាហ៍នេះ។ ក្រសួងនេះបានព្រមានថា ហានិភ័យទឹកជំនន់អាចនឹងកើតឡើងចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយផ្អែកលើព័ត៌មានពីការិយាល័យជាតិធនធានទឹក ដែលបង្ហាញថា អាចនឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលនេះ។
ខេត្តរបស់ថៃ ដែលប្រឈមហានិភ័យជន់លិចភ្លាមៗ ទឹកហូរខ្លាំង និងបំណាក់ដីរួមមានខេត្តជម្ពូវ័ន, ស៊ូរ៉ាត់ថានី, នគរស៊ីថាម៉ារ៉ាត់, ផាត់ថាលុង, ត្រាង, សាទុន, សងខ្លា, ប៉ាត់តានី, យ៉ាឡា, ណារ៉ាធីវ៉ាត់ និងខេត្តភូកេត។
ក្រសួងទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ ក៏បានព្រមានដែរថា ខេត្តរ៉ាក់ណង, ស៊ូរ៉ាត់ ថានី, ខេត្តក្របី និងខេត្តភូកេត អាចប្រឈមហានិភ័យទឹកហៀរចេញពីអាងស្តុកទឹកបង្កជាទឹកជំនន់ ដោយសារអាងស្តុកទឹកក្នុងខេត្តទាំង៤នេះបានស្តុកទឹកលើស៨០% នៃសមត្ថភាស្តុកទឹករបស់ខ្លួនទៅហើយ។
ទន្ទឹមនេះ ក្រសួងនេះបានប្រមានបន្តថា ទន្លេជាច្រើនអាចនឹងហក់ឡើងហៀរមាត់ច្រាំងរួមមានទន្លេឡាង សួន, ទន្លេតាពី, ខ្លង ឆាអួត, ទន្លេខ្លង ឡាំ, ទន្លេខ្លង ថាណែ, ទន្លេត្រាង, ទន្លេប៉ាត់តានី, និងទន្លេសៃប៊ូរី។
សូមបញ្ជាក់ថា តំបន់ជាច្រើននៃប្រទេសថៃពេលនេះកំពុងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ករួចទៅហើយ តួយ៉ាងគ្រោះទឹកជំនន់នៅខេត្តអាយុធ្យាមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយចំនួនអ្នកស្លាប់បានឈានដល់១៩នាក់ហើយ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ដោយសារទំនប់ចៅប្រាយ៉ា នៅតែក្នុងខេត្តនេះ នៅតែបន្តបញ្ចេញទឹក ដើម្បីបញ្ចៀសការបាក់ទំនប់ ធ្វើឱ្យជន់លិចផ្ទះប្រជាជនជាង៦ម៉ឺនខ្នង៕
ដោយ: តែម សុខុម