
ក្រសួងហិរញ្ញវត្ថុថៃ ពេលនេះកំពុងដុតដៃដុតជើងរកវិធីទប់ទល់នឹងការធ្លាក់ចុះនៃប្រាក់ចំណូលរដ្ឋសម្រាប់ឆ្នាំសារពើពន្ធ២០២៥ ខណៈដែលការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) លឿនជាងការរំពឹងទុកធ្វើឱ្យរដ្ឋាភិបាលថៃ កាន់តែពិបាកប្រមូលពន្ធឱ្យគ្រប់តាមគោលដៅដែលបានកំណត់។
លោក ឡាវ៉ារ៉ុន សាងស្នីត (Lavaron Sangsnit) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ចថៃ បាននិយាយថា រដ្ឋាភិបាលថៃ ប្រហែលជាមិនអាចប្រមូលចំណូលរដ្ឋបានតាមគោលដៅ ដែលបានកំណត់នោះទេ ដោយសារតែកំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងធ្លាក់ចុះមកនៅក្រោម២% បើធៀបនឹងការប៉ាន់ប្រមាណមុននេះ ចន្លោះពី៤,៥% ដល់៥%។ នៅពេលនេះបណ្ដាទីភ្នាក់ងារពន្ធដារកំពុងខិតខំប្រមូលពន្ធឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយក្រសួងសេដ្ឋកិច្ចថៃ កំពុងស្នើសុំឱ្យបណ្ដាសហគ្រាសរដ្ឋ ដែលស្វែងរកប្រាក់ចំណេញ (SOEs) ចូលរួមចំណែកបន្ថែមទៀតនៅក្នុងការបង់ពន្ធដើម្បីជួយដល់រដ្ឋ។
តែទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះ បានវាយតម្លៃថា ទោះបីជាបណ្ដាសហគ្រាសរដ្ឋនឹងរួមចំណែកបង់ពន្ធបន្ថែមទៀតយ៉ាងណាក្ដី ក៏ប្រាក់ចំណូលរដ្ឋនឹងកើនឡើងតែប្រមាណ៣,១ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ ពោលគឺនៅខ្វះច្រើន។
ទិន្នន័យបង្ហាញថា នៅក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំសារពើពន្ធ២០២៥ ប្រទេសថៃ ប្រមូលចំណូលបាន៥២,៦ពាន់លានដុល្លារអាម៉េរិក គឺក្រោមគោលដៅដែលបានកំណត់០,៧% ទោះជាយ៉ាងណា វានៅតែខ្ពស់ជាង១,៧% បើធៀបនឹងឆ្នាំ២០២៤។ ក្រសួងសេដ្ឋកិច្ចថៃ បានបញ្ជាក់ថា ខ្លួននឹងនៅតែអាចរក្សាតុល្យភាពថវិកាឆ្នាំ២០២៥ តាមរយៈការប្រើទុនបម្រុងរតនាគារ ដោយមិនចាំបាច់ខ្ចីបុលបន្ថែមដើម្បីបង្គ្រប់នោះទេ៕
ដោយ: តែម សុខុម