វិស័យពាណិជ្ជកម្ម

ថៃ កំពុងងាកទៅពង្រឹងពាណិជ្ជកម្មជាមួយឡាវ ក្រោយបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា


ប្រទេសថៃ កំពុងងាកទៅពង្រឹង និងពង្រីកពាណិជ្ជកម្មជាមួយប្រទេសឡាវ ក្រោយការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា មានការរាំងស្ទះ បន្ទាប់ពីយោធាថៃ បានបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ទាំងស្រុងដោយឯកតោភាគី ស្របពេលពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។ ជាក់ស្តែងកាលពីពេលថ្មីៗមន្ត្រីជំនាញរបស់ថៃ បានជួបពិភាក្សាជាមួយមន្ត្រីឡាវ ជុំវិញការតភ្ជាប់ផ្លូវរថភ្លើង ដើម្បីជំរុញពាណិជ្ជកម្ម និងឈានទៅសម្រេចគោលដៅពាណិជ្ជកម្ម១១ពាន់លានដុល្លារនៅឆ្នាំ២០២៧ ដែលប្រទេសទាំងពីរបានប្តេជ្ញារួមគ្នា។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន The Nation បានរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅមន្រ្តីជំនាញថៃ និងឡាវ បានជួបគ្នានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីពិភាក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីសម្រួល និងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ ការជួបពិភាក្សាគ្នានេះធ្វើឡើងក្រោយមានការពិភាក្សាកម្រិតខ្ពស់រវាងនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីឡាវ ហើយភាគីទាំងពីរបានដាក់គោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់១១ពាន់លានដុល្លារនៅឆ្នាំ២០២៧។

នៅក្នុងកិច្ចប្រជុំខាងលើក្រសួងដឹកជញ្ជូនរបស់ថៃ បានសង្កត់ធ្ងន់លើការភ្ជាប់ផ្លូវដែករថៃ-ឡាវ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ព្រមទាំងជំរុញការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងសេវាកម្ម។

បច្ចុប្បន្នថៃ និងឡាវ កំពុងភ្ជាប់ការដឹកជញ្ជូនផ្លូវរថភ្លើងតាមរយៈស្ពានមិត្តភាពថៃ-ឡាវ ទី១ ដែលមានប្រវែងជាង១គីឡូម៉ែត្ររួចហើយ។ ប៉ុន្តែដោយសារតែតម្រូវការមានការខ្លាំង ប្រទេសទាំងពីរគ្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ។

យោងតាមសំណើរបស់ភាគីថៃ ស្ពានថ្មីនេះ មានចម្ងាយប្រមាណ៣០ម៉ែត្រពីរចនាសម្ព័ន្ធដែលមានស្រាប់។ ហើយស្ពាននេះត្រូវបានរចនាឡើងសម្រាប់តែផ្លូវដែកប៉ុណ្ណោះ ដើម្បីភ្ជាប់ទៅខ្សែរថភ្លើងល្បឿនលឿនថៃ-ចិន និងបណ្តាញផ្លូវដែកឡាវ-ចិន។ បន្ថែមពីលើកិច្ចពិភាក្សាអំពីស្ពាននេះ ភាគីថៃ បានបង្ហាញពីបច្ចុប្បន្នភាពអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកសំខាន់ៗ ដែលនឹងលើកកម្ពស់ការតភ្ជាប់ដូចជាផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន លើកំណាត់ផ្លូវបាងកក-នគររាជសីមា ដែលកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ៤៨%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើនៅពីក្រោយភាពហ៊‌ឺហា និងឡូយឆាយរបស់ថៃ មានចំណុចអវិជ្ជមានអ្វី ដែលយើងមិនបានដឹង?

ថៃ ត្រូវបានគេដឹងថា ជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ប៉ុន្តែដោយបញ្ហារួមរឹតរាប់ចាប់តាំងពីវិបត្តិនយោបាយផ្ទ…

ហេតុអ្វីសម្ទុះកំណើននាំចេញខ្លាំងរបស់មហាយក្សចិន នៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន?

សេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជាសម្រេចបានកំណើនត្រឹមតែ៤,៧% ប៉ុណ្ណោះនៅត្រីមាសទី៣ ដែលជាសម្ទុះក្នុងល្បឿនយឺតបំផុតរបស់ខ្លួនក្នុងឆ្នាំ២០២៥ នេះ បើទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ