មន្ត្រីថៃ រំពឹងថា ភ្ញៀវទេសចរចិននឹងទៅកម្សាន្តនៅប្រទេសថៃ ឡើងវិញ ខណៈពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេចំពោះរដ្ឋាភិបាលចិន ក្នុងការបញ្ឈប់ផែនការប្រែក្លាយប្រទេសថៃ ជាគោលដៅទេសចរណ៍កាស៊ីណូស្របច្បាប់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ស៊ីរីពង្ស អង្គកាសាគុលគៀត (Siripong Angkasakulkiat) រំពឹងថា ផែនការបញ្ឈប់ការសាងសង់កាស៊ីណូដោយស្របច្បាប់នេះនឹងបង្ហាញលទ្ធផលវិជ្ជមានក្នុងរយៈពេលមួយ ឬពីរខែខាងមុខ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែកក្កដា បានជំរុញឱ្យរដ្ឋាភិបាលថៃ បោះបង់ចោលផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូដោយស្របច្បាប់ ដោយបានព្រមានអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី ប៉ុន្តែនៅក្នុងជំនួបនៅកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានធានានៅចំពោះមុខលោក ស៊ី ថា ថៃនឹងប្រឆាំងនឹងផែនការធ្វើឱ្យកាស៊ីណូស្របច្បាប់។
នៅឆមាសទី១ ឆ្នាំ២០២៥ ថៃ ទាក់ទាញភ្ញៀវទេសចរចិន បានត្រឹមតែ២,៣លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រហែលមួយភាគបី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមការវាយតម្លៃរបស់លោក ប៊ុននីយ៉ាកន អាមនសាក់ (Boonyakorn Amornsank) អ្នកវិភាគនៅធនាគារ Maybank ចំនួនភ្ញៀវទេសចរចិន ទៅកម្សាន្តនៅប្រទេសថៃ នាខែកក្កដា និងខែសីហា មានការធ្លាក់ចុះប្រមាណ៤៣% បើធៀបនឹងចំនួនមុនមានការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅពេញមួយឆ្នាំ២០២៥ នេះ ថៃ រំពឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណជាង៣៣លាននាក់ មានការធ្លាក់ចុះប្រមាណ៦% ពីអ្វីដែលពួកគេបានរំពឹងកាលពីពេលកន្លងទៅ៕
ដោយៈ សរ សុជាតិ