ភាពតានតឹងផ្នែកការទូតជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានឡើងកម្តៅជាថ្មី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានចេញមកច្រានចោលចំពោះការលាតត្រដាងការពិតរបស់កម្ពុជាជុំវិញបញ្ហាជម្លោះព្រំដែន ហើយព្យាយាមបង្វែបញ្ហាការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ដោយភ្ជាប់ការរំលោភបំពានរបស់ខ្លួនទៅនឹងបញ្ហាការឆបោកតាមប្រព័ន្ធឡាញ ដើម្បីវាយបកកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
នៅក្នុងដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់កម្ពុជាលើតម្លៃនៃសន្តិភាព និងភាពស្របច្បាប់នៃបូរណភាពទឹកដី។ ក្នុងឱកាសនោះដែរ សម្តេចធិបតី បានលាតត្រដាងប្រាប់ពិភពលោកតាមរយៈទីភ្នាក់ងារព័ត៌មាន Reuters អំពីសកម្មភាពរបស់យោធាថៃ ដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា និងកំពុងកាន់កាប់ចូលយ៉ាងជ្រៅ និងជាច្រើននៅលើទឹកដីកម្ពុជាដោយខុសច្បាប់។ ជាការឆ្លើយតបលោក ស៊ីហាសាក់ បែរជាលើកឡើងថា បញ្ហាព្រំដែននាពេលនេះបានរីកធំលើសពីការទាមទារទឹកដី ហើយ លោក បានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថា មានប្រភពមេខ្លោងឆបោកអនឡាញចេញពីទឹកដីកម្ពុជាទៅវិញ។
ទោះជាយ៉ាងណាការព្យាយាមបកស្រាយរបស់ភាគីថៃដោយភ្ជាប់ការឈ្លានពានរបស់ហោធាថៃមកលើទឹកដីកម្ពុជាទៅនឹងបញ្ហាកការឆបោកនេះ វាហាក់មិនសមហេតុផលទាល់តែសោះ ព្រោះបញ្ហាព្រំដែន និងការបង្ក្រាបបទល្មើសអនឡាញ គឺជាសាច់រឿងពីរខុសគ្នាដាច់ស្រឡះ។ ហើយពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះទៀតសោត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានពន្យល់យ៉ាងលម្អិតប្រាប់ដល់តំណាងទូតបរទេសអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតអំពើឆបោក ដែលជាក្តីកង្វល់របស់ពិភពលោកនេះ។
ផ្អែកតាមទិន្នន័យផ្លូវការចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបករណីឆបោកតាមអនឡាញបានចំនួន២០០ករណីនៅលើទីតាំងសរុបប្រមាណ២,៥០០កន្លែង។ នៅក្នុងប្រតិបត្តិការនេះ កម្ពុជាបានបណ្តេញជនបរទេសពាក់ព័ន្ធជាង៨,០០០នាក់ និងបានបិទខ្ទប់ទីតាំងសង្ស័យរួមមានទាំងកាស៊ីណូមួយចំនួនផងដែរ។ យុទ្ធនាការទ្រង់ទ្រាយធំនេះបានធ្វើឱ្យក្រុមមេខ្លោងឧក្រិដ្ឋជនរត់គេចខ្លួន ខណៈជនបរទេសប្រមាណ២១ម៉ឺននាក់ផ្សេងទៀតបានសម្រេចចិត្តចាកចេញពីកម្ពុជាត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង។
តាមរយៈតួលេខនេះបានសបញ្ជាក់ឱ្យឃើញថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការលុបបំបាត់បទល្មើសអនឡាញ ខណៈដែលបញ្ហាព្រំដែននៅតែជាអាទិភាពចម្បង ដែលថៃត្រូវដោះស្រាយដោយតម្លាភាព មិនមែនយកលេសបង្វែរដានបែបនេះឡើយ៕
ដោយៈ សរ សុជាតិ