វិស័យការទូត

តើថៃ អាចឈានទៅរកការដកទូតចេញពីកម្ពុជា ដែរទេ ក្រោយយោធារបស់ប្រទេសនេះបិទច្រកព្រំដែនទាំងអស់ជាឯកតោភាគី?


ការប្រឈមមុខដាក់គ្នាជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បន្តឡើងកម្ដៅកាន់តែខ្លាំង ក្រោយយោធាថៃ បានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី និងគ្មានជូនដំណឹងមកប្រទេសកម្ពុជា គួបផ្សំយោធាថៃ តែងធ្វើសកម្មយ៉ាងគឃ្លើនរំលោភកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ។
វិស័យការទូត
ដោយ

ក្រុមអ្នកជំនាញយល់ឃើញថា ការកើនឡើង​ភាពតានតឹងរវាងកម្ពុជា និងថៃនេះ កំពុងទាញទម្លាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យធ្លាក់ចុះដល់កម្រិកទាបជាថ្មី ដែលអាចឈានទៅដល់ការដកទូតចេញពីប្រទេសរៀងខ្លួនៗ។ តែយ៉ាងការដកទូតចេញនេះអាចកើតឡើងទៅបានប្រសិនបើប្រទេសទាំងពីរមិនអាចរកដំណោះស្រាយបានរហូតឈានដល់ការផ្ទុះអាវុធដាក់គ្នា។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ភាគីថៃ ហាក់បង្ហាញចេតនាមិនចង់ដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយកម្ពុជា ឱ្យបានធូរស្បើយមកវិញនោះទេ តាំងពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបី។ លើសពីនេះអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រុមអ្នកជ្រុលនិយមថៃ អ្នកនយោបាយ និងអ្នកកាសែតថៃ បានព្យាយាមស្វែងរកព័ត៌មានមិនល្អពីកម្ពុជា ក៏ដូចជាជីកកកាយរកចំណុចខ្សោយកម្ពុជា ជាដើម ដែលទង្វើនេះ​កំពុងដុតបញ្ឆេះនយោបាយឱ្យកាន់តែឡើងកម្ដៅថែមទៀត ដែលពិបាកក្នុងការរកដំណោះស្រាយរួមមួយ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនជម្លោះរវាងភាគីទាំងពីរនៅតែបន្តឡើងកម្ដៅរហូតឈានដល់ការផ្ទុះអាវុធដាក់គ្នា នោះថៃ អាចនឹងដកស្ថានទូតរបស់ខ្លួនចេញកម្ពុជា ជាបណ្ដោះអាសន្ន។

​ជាមួយគ្នានេះ លោក​ សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា បច្ចុប្បន្ននេះទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលចាំបាច់ត្រូវតែមានភាគីកណ្ដាលជួយផ្សះផ្សាស្ដារនូវទំនាក់ទំនងឱ្យមានភាពល្អប្រសើរឡើងវិញ។ បើតាមអ្នកជំនាញរូបនេះភាពតានតឹងរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ននេះ មិនទាន់អាចឈានដល់ការដកទូតចេញពីប្រទេសរៀងៗខ្លួននោះទេ ហើយប្រសិនបើភាគីទាំងពីរឈានដល់ការដកទូតចេញមែននោះ ប្រៀបដូចជាកាត់ផ្ដាច់ទំនាក់ទំនងផ្លូវការ ដោយជំនួសមកវិញនូវការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធ។

​ស្រដៀងគ្នានេះដែរ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា ភាពតានតឹងរវាងកម្ពុជា និងថៃ ដែលឈានដល់ការបិទច្រកព្រំដែនទាំងស្រុងដោយភាគីថៃនេះ អាចនឹងរុញស្ថានការណ៍ឱ្យឈានទៅរកការប្រឈមប្រដាប់អាវុធដាក់គ្នានាពេលខាងមុខ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចរកដំណោះស្រាយ ដោយទុកឱ្យស្ថានការណ៍កាន់តែតានតឹងទៅៗ។ អ្នកជំនាញរូបនេះ សង្កេតឃើញថា ជម្លោះរវាងកម្ពុជា និងថៃ នៅលើកនេះហាក់មានភាពខ្លាំងក្លាជាងឆ្នាំ២០០៨ និង២០១១ កន្លងទៅទៀត ដោយកាលនោះ ត្បិតមានជម្លោះជាមួយគ្នាយ៉ាងណាក្ដី ក៏វាមិនអាចទាញទម្លាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យធ្លាក់ចុះ​ដែរ។ អ្នកជំនាញរូបនេះ ជឿជាក់ថា ស្ថានការណ៍ដ៏តានតឹងរវាងកម្ពុជា និងថៃនេះអាចរុញច្រានឱ្យប្រទេសទាំងពីរឈានទៅរកការដកទូតចេញរៀងៗខ្លួន ប្រសិនបើជម្លោះនៅតែបន្តឡើងកម្តៅ។

គួរបញ្ជាក់ថា យោធាថៃ បានសម្រេចបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯតោភាគី ដោយលើកលែងតែការចរាចរសម្រាប់អ្នកជំងឺដែលត្រូវព្យាបាល និងសិស្សតែប៉ុណ្ណោះ ដែលទង្វើនេះបានជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចពលរដ្ឋ សេដ្ឋកិច្ចជាតិ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាពិសេសធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែឡើងកម្តៅបន្ថែមទៀត៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើតម្លៃទំនិញនៅលើទីផ្សារកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ ក្រោយបិទការនាំចូលពីប្រទេសថៃ?

ក្រោយកងទ័ពថៃ ឆ្មក់ចូលចាញ់ទាហានខ្មែរដល់លេណដ្ឋានកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិត និងការបិទច្រកទ្វារព្រំដែនជាឯកតោភាគីពីយោធាថៃ បានធ្…

តើកម្ពុជា និងថៃ មួយណាខាតបង់ច្រើនជាង ក្រោយយោធាថៃ បិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគី?

យោធាថៃ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យតែអ្នកជំងឺ និងសិស្សឆ្លងកាត់ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ