វិស័យសេដ្ឋកិច្ច

ប្រទេសថៃ គ្រោងនឹងចាក់បញ្ចូលសាច់ប្រាក់ ១៥ពាន់លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងថមថយល្បឿន


ក្រោយពេលដែលមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានកែប្រែការព្យាករណ៍កំណើន GDP របស់ប្រទេសថៃ ឆ្នាំ២០២៥ ពី២,៩% មកនៅត្រឹម ១,៨% ដោយសារតែផលប៉ះពាល់នៃពន្ធបដិការ របស់សហរដ្ឋអាម៉េរិកនោះ ក្រសួងហិរញ្ញវត្ថុថៃវិញ បានបង្ហាញពីគោលបំណងចាក់បញ្ចូលទឹកប្រាក់ជាង ៥០០ ពាន់លានបាត ស្មើនឹង ១៥ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ច ដើម្បីជំរុញកំណើន GDP របស់ប្រទេសឱ្យលើសពីកម្រិតនៃការព្យាករណ៍ ចំពេលដែលហានិភ័យ និងការគំរាមកំហែងសេដ្ឋកិច្ចសកលក៏កំពុងកើនឡើងផងដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

សារព័ត៌មាន វីអេនអ៊ិចប្រេស បានចុះផ្សាយថា ដើម្បីសង្រ្គោះកំណើនសេដ្ឋកិច្ចកុំឱ្យធ្លាក់មកនៅកម្រិត ១,៨% ដូចជាការប៉ាន់ប្រមាណជាថ្មីរបស់ IMF រាជរដ្ឋាភិបាលថៃ គ្រោងនឹងចាក់បញ្ចូលសាច់ប្រាក់១៥ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បី​ជំរុញការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបសម្រាប់អាជីវកម្ម។

តាមការព្យាករណ៍របស់ IMF ប្រទេសថៃ នៅតែជាប្រទេសអាស៊ានតែមួយគត់ ដែលមានការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានកាត់បន្ថយមកនៅក្រោម ២% នៅឆ្នាំ២០២៥ ហើយ សម្រាប់ឆ្នាំ២០២៦ ស្ថាប័នដដែលនេះ រំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតមកត្រឹម ១,៦%។

ពាក់ព័ន្ធនឹងស្ថានភាពនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ភីឆ័យ ជនញ៉ាវ៉ារ៉ា (Pichai Chunhavajira) បាននិយាយថា លោកចាត់ទុកការព្យាករណ៍របស់ IMF ជាការវាយតម្លៃបឋម។ លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធគយបដិការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អាចមានផលប៉ះពាល់ខ្លះៗ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានការវិវត្តយ៉ាងដិតដល់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការជំរុញសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃ GDP និងរក្សាកំណើននៅកម្រិតដូចអ្វីដែលបានព្យាករណ៍ពីមុន។

លោកបានបន្ថែមថា គ្រប់យន្តការនៃសេដ្ឋកិច្ចនៅតែបន្តស្ថិតក្រោមការពិនិត្យដោយមានជម្រើសជាច្រើនត្រូវបានពិចារណា។ ការពិគ្រោះយោបល់កំពុងបន្តជាមួយភ្នាក់ងារសំខាន់ៗ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងធនាគារថៃ។

ដោយឡែក តាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា មកដល់ពេលនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃ ដោយកាលពីឆ្នាំទៅ សហរដ្ឋអាម៉េរិក មានចំណែកទីផ្សារនាំចេញដល់ទៅជាង ១៨%នៃទំនិញថៃ ស្មើនឹងទឹកប្រាក់សរុប ជិត៥៥ពាន់លានដុល្លារ ប៉ុន្ដែថៃ មានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកដល់ទៅ ៤៥,៦ពាន់លានដុល្លារ ដូច្នេះថៃ ត្រូវជាប់ពន្ធគយបដិការ ៣៦%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Apple គ្រោងរើរោងចក្រដំឡើង iPhones ទាំងអស់សម្រាប់ផ្គត់ផ្គង់ទីផ្សារសហរដ្ឋអាម៉េរិក ចេញពីប្រទេសចិន ទៅកាន់ឥណ្ឌា

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្ស Apple គ្រោងរើរោងចក្រដំឡើង iPhones ទាំងអស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារសហរដ្ឋអាម៉េរិក ចេញពីប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ