ស្របពេលសេដ្ឋកិច្ចកំពុងដាំក្បាលចុះ ប្រទេសថៃ កំពុងពិចារណាដំឡើងពិដានបំណុលសាធារណៈរបស់ខ្លួន ដើម្បីអាចខ្ចីបុលបន្ថែមរហូតដល់៣០ពាន់លានដុល្លារអាម៉េរិក។ ក្រុមមន្ត្រីមកពីក្រសួងហិរញ្ញវត្ថុថៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ កំពុងពិភាក្សាអំពីការដំឡើងពិដានបំណុលសាធារណៈ ពី៧០% ទៅ៧៥% នៃទំហំផលិតផលក្នុងស្រុកសរុប(GDP) ប៉ុន្តែពេលនេះមិនមានការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ការកែប្រែកម្រិតពិដានបំណុលសាធារណៈណាមួយត្រូវការការអនុម័តពីគណៈកម្មាធិការគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ។
ប្រសិនបើពិដានបំណុលថ្មីនេះត្រូវបានអនុម័ត វានឹងអនុញ្ញាតឱ្យរដ្ឋាភិបាលថៃ អាចខ្ចីបុលបន្ថែមចន្លោះពី៣០ ទៅ៣១ពាន់លានដុល្លារអាម៉េរិក។ទោះជាយ៉ាងណា អាជ្ញាធរថៃ កំពុងពិចារណាថា តើថវិកាដែលខ្ចីបុលបន្ថែមទាំងនេះអាចប្រមូលកៀរគរ និងប្រើប្រាស់តាមវិធីណា។
រដ្ឋាភិបាលថៃ បានដាក់ចេញវិធានការនានាជាច្រើនរួចហើយ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដែលបង្កឡើងដោយតម្លៃថាមពលខ្ពស់ រួមទាំងការចែកសាច់ប្រាក់ដល់គ្រួសារពលរដ្ឋ ដែលមានប្រាក់ចំណូលទាបការឧបត្ថម្ភធនការដឹកជញ្ជូន និងប្រាក់កម្ចីការប្រាក់ទាបជាងមុនសម្រាប់អាជីវកម្មខ្នាតតូច។ ក្រុមមន្ត្រីថៃ បានលើកឡើងថា ប្រទេសថៃ ត្រូវចាត់វិធានការបន្ថែមទៀត ខណៈប្រទេសថៃ ដែលជាប្រទេសនាំចូលថាមពលកំពុងប្រឈមការកើនឡើងអតិផរណា និងកំណើនយឺត ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមអ៊ីរ៉ង់។
ទស្សនវិស័យសេដ្ឋកិច្ចថៃ កាន់តែមិនប្រាកដប្រជាដោយតម្រូវការអ្នកប្រើប្រាស់ ការនាំចេញ និងទេសចរណ៍កាន់តែចុះខ្សោយ។ ធនាគារកណ្តាលថៃ បានសន្យាថា នឹងរក្សាអត្រាការប្រាក់ឱ្យទាប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទោះបីជាអតិផរណាត្រូវបានរំពឹងថានឹងកើនឡើងនៅប៉ុន្មានខែខាងមុខក៏ដោយ៕
ដោយ: តែម សុខុម