សេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត បាននិយាយថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេត ប៊ីន សាលម៉ាន់(Mohammed bin Salman) និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានយល់ស្របលើការតែងតាំងឯកអគ្គរដ្ឋទូតនាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនេះ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត បានប្រកាសនៅក្នុងសារ Twitter កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរត្រង់ទៅកាន់ប្រទេសថៃឡើងវិញនៅក្នុងខែឧសភាឆ្នាំ២០២២នេះ។
គួរជម្រាបថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃអង្គារទី២៥ មករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះចាត់ទុកថាជាករណីដ៏កម្រ ក៏ព្រោះតែវាជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំថៃទៅកាន់ប្រទេសអារ៉ាប់មួយនេះ ក្រោយប្រទេសទាំងពីរមានជម្លោះការទូតនឹងគ្នាជាង ៣ទសវត្សរ៍មកហើយ ជុំវិញករណីលួចគ្រឿងអលង្ការ និងត្បូងមានតម្លៃពីរាជវាំងរបស់អារ៉ាប៊ីសាអូឌីត។
គេនៅចាំបានថា ភាពតានតឹងផ្នែកកាទូតរវាងទីក្រុងរីយ៉ាដ និងក្រុងបាងកកបានចាប់ផ្ទុះឡើងតាំងពីឆ្នាំ១៩៨៩មកម្ល៉េះ បន្ទាប់ពីបុរសជនជាតិថៃម្នាក់ដែលធ្វើការនៅក្នុងវាំងអារ៉ាប៊ីសាអូឌីតបានលួចគ្រឿងអលង្ការ និងត្បូងមានតម្លៃរហូតដល់ជាង២០លានដុល្លាររបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត កាលជំនាន់នោះ។ ជម្លោះការទូតដ៏ល្បីរន្ទឺរវាងប្រទេសទាំងពីរត្រូវបានពិភពលោកទទួលស្គាល់ឈ្មោះថា សំណុំរឿងត្បូងពេជ្រពណ៌ខៀវ ឬហៅជាភាសាអង់គ្លេសថា «Blue Diamond Affair»។
មួយឆ្នាំក្រោយនៃករណីលួចត្បូងពេជ្រពណ៌ខៀវនេះ
ក៏មានមន្ត្រីការទូតអារ៉ាប៊ីសាអូឌីតចំនួន៣នាក់នៅក្នុងប្រទេសថៃ
ត្រូវបានគេសម្លាប់នៅបីកន្លែងផ្សេងៗគ្នា ក្នុងពេលតែ១យប់ប៉ុណ្ណោះ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសថៃ បាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចារ បានសម្តែងការសោកស្តាយដោយស្មោះ ចំពោះឧបទ្ទវហេតុបាត់ត្បូងមានតម្លៃ និងបានធ្វើឱ្យរដ្ឋាភិបាលក្រុងរីយាដ មិនបញ្ជូនអគ្គរាជទូតមកកាន់ប្រទេសថៃជាច្រើនឆ្នាំ និងរឹតត្បិតការធ្វើដំណើរថែមទៀតផង។ សេចក្តីថ្លែងការណ៍បានបន្តថា រដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បី លើកសំណុំរឿងនេះទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានភស្តុតាងពាក់ព័ន្ធថ្មីៗ។
សូមជម្រាបថា មកទល់នឹងពេលនេះ ត្បូងមានតម្លៃមួយចំនួនធំរួមទាំងត្បូងពេជ្រពណ៌ខៀវដ៏កម្រទំហំ ៥០ការ៉ាត់ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
ប្រទេសថៃបានខ្នះខ្នែងមែនទែន ក្នុងការប៉ះប៉ូវទំនាក់ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសសម្បូរដោយប្រេង បន្ទាប់ពីជម្លោះផ្នែកការទូតកន្លងមក បានធ្វើឱ្យខាតបង់ប្រាក់ចំណូលពីវិស័យពាណិជ្ជកម្ម និងទេសចរណ៍រាប់ពាន់លានដុល្លារ និងការបាត់បង់ការងារសម្រាប់ពលករចំណាកស្រុករបស់ថៃរាប់ម៉ឺននាក់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕