ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៨ ខែវិច្ឆិកា លោក ណាត់ថាផន ណាក់ផានិត (Natthaphon Narkphanit) រដ្ឋមន្ត្រីការពារជាតិថៃបានអះអាងថា ថៃនឹងមិនដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលពួកគេបានចាប់ និងឃុំខ្លួនដោយខុសច្បាប់ឡើយ ក្រោមលេសចោទប្រកាន់កម្ពុជា ថា មិនទាន់បានបង្ហាញសញ្ញាពីការចង់បញ្ចប់អរិភាពនៅតាមព្រំដែន និងមិនទាន់មានការចរចាគ្នា។ ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ រូបនេះ វាហាក់ផ្ទុយពីអ្វីដែលពួកគេបានសន្យាកន្លងមកថា នឹងដោះលែងទាហានកម្ពុជា ទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីរូបនេះ បានអះអាងទៀតថា ប្រទេសថៃ បានប្ដេជ្ញាចិត្តចំពោះការដោះមីនដោយឯករាជ្យ និងពន្លឿនការដោះមីនតាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជា ខណៈថៃ កំពុងបន្តប្រតិបត្តិការនេះ។ លោក ណាត់ថាផន បានអះអាងថា មកដល់ពេលនេះកងទ័ពថៃ បានបោសសម្អាតមីននៅតំបន់ចំនួន៥រួចហើយ ហើយពួកគេនឹងបន្តប្រតិបត្តិការនៅតំបន់ចំនួន៨ ដែលនៅសល់ជាបន្តទៀត ហើយប្រសិនបើតំបន់ទាំងនោះបានដោះមីនរួចអស់ហើយ ពួកគេនឹងពង្រីកបន្ថែមទៀត។
ឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការបបួលថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យប្រទេសថៃ បន្តបិទព្រំដែនរយៈពេល១០០ ឬ៥០០ឆ្នាំនោះ លោក ណាត់ថាផន លើកឡើងថា កម្ពុជា ហាក់ ព្រងើយកន្តើយចំពោះការបើកព្រំដែន ដែលខ្លួនបានបិទជាឯកតោភាគីឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា តាមរយៈការលើកឡើងរបស់សម្តេចតេជោ នេះ ថៃ ប្រហែលជា មិនចាំ បាច់ក្នុងការចរចាបើកច្រកព្រំដែនឡើងវិញជាមួយកម្ពុជា នោះទេ៕
ដោយ៖ សុខ មង្គល