អាជ្ញាធរប្រឆាំងការលាងលុយកខ្វក់នៅប្រទេសថៃ បានរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់លោក ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ គ្រុប និងអ្នកពាក់ព័ន្ធម្នាក់ទៀត ដែលមានទ្រព្យសរុបប្រមាណ២៦លានដុល្លារ។ គណៈកម្មាធិការប្រតិបត្តិការ នៃការិយាល័យប្រឆាំងការលាងលុយកខ្វក់ថៃ បាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ថា លោក ចេន ហ្ស៊ី ដែលមានសញ្ជាតិអង់គ្លេស និងកម្ពុជា ក៏មានទ្រព្យសម្បត្តិច្រើនបង្គួរដែរនៅថៃ រួមទាំងដីធ្លី សាច់ប្រាក់ ទំនិញល្បីៗ និងគ្រឿងអលង្ការមានតម្លៃជាច្រើន។
ប្រធានក្រុមហ៊ុន Prince Group ដែលមានវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានអាជ្ញាធរថៃ អះអាងថា បានដំណើរការបណ្តាញក្លែងបន្លំ និងឧក្រិដ្ឋកម្មឆបោក ដោយប្រើប្រាស់បច្ចេកទេសលាងលុយកខ្វក់ ដើម្បីបំលែងមូលនិធិនៅទូទាំងប្រទេសទៅជាទ្រព្យសម្បត្តិឌីជីថល។ នៅពេលនេះលោក ចេន ហ្ស៊ី ដែលកំពុងរត់គេចខ្លួន ត្រូវបានកំណត់អត្តសញ្ញាណដោយរដ្ឋាភិបាលអាម៉េរិក និងចក្រភពអង់គ្លេសថា ជាប្រតិបត្តិករនៃប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែនដែលបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងលាងលុយកខ្វក់រាប់ពាន់លានដុល្លារនៅទូទាំងពិភពលោក។
អាជ្ញាធរអាម៉េរិក ចក្រភពអង់គ្លេស សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ក៏បានរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងលោក ចេន ហ្ស៊ី ផងដែរ។ តាមការស៊ើបអង្កេត គេបានរកឃើញបណ្តាញក្លែងបន្លំមួយ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលប្រាក់ត្រូវបានផ្ទេរតាមរយៈគណនីធនាគារ ហើយបន្ទាប់មកត្រូវបានប្រើប្រាស់ ដើម្បីទិញទ្រព្យសម្បត្តិ។ ទ្រព្យសម្បត្តិទាំងនេះត្រូវបានកាន់កាប់ដោយបុគ្គល ដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃ៕
ដោយៈ សរ សុជាតិ