
ក្រោយមានការចុះផ្សាយថា ថៃនឹងដោះលែងកងកម្លាំងកម្ពុជា ទាំង១៨នាក់ ដែលទាហានថៃ បានចាប់ និងឃុំដោយខុសច្បាប់ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ លោក វីថៃ ឡៃថូមីយ៉ា (Withai Laithomya) បានចេញមកច្រានចោលចំពោះព័ត៌មាននេះ និងបានចាត់ទុកថា ជាព័ត៌មានមិនពិត។ អ្នកនាំពាក្យរូបនេះ បានអះអាងថា គ្មានកងកម្លាំងកម្ពុជាណាមួយនឹងត្រូវបានដោះលែងឡើយ ហើយបានព្យាយាមនិយាយការពារខ្លួនថា ការឃុំខ្លួនកងកម្លាំងកម្ពុជាទាំង១៨រូបធ្វើឡើងស្របតាមស្តង់ដាអន្តរជាតិ និងគោលការណ៍មនុស្សធម៌ដោយធានានូវការការពារសិទ្ធិមនុស្សរបស់អ្នកជាប់ឃុំទាំងអស់។
ការចេញមកអះអាងបែបនេះរបស់អ្នកនាំពាក្យខាងលើ ធ្វើឡើងក្រោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថា ថៃនឹងដោះលែងកងកម្លាំងកម្ពុជា ទាំង១៨នាក់ ដែលទាហានថៃ បានចាប់ និងឃុំខ្លួនដោយខុសច្បាប់ ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលរំពឹងនឹងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកជាសាក្សីនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ។
អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានអះអាងថា ការពិចារណាពីការផ្ទេរ ឬការដោះលែងកងកម្លាំងកម្ពុជា ទាំង១៨រូប អាចធ្វើទៅបានលុះត្រាតែកម្ពុជា បំពេញតាមលក្ខខណ្ឌ៤យ៉ាងដែលកំណត់ដោយប្រទេសថៃ រួមមានការដកអាវុធធុនធ្ងន់ ការរួមគ្នាបោសសម្អាតមីន កិច្ចសហការក្នុងការដោះស្រាយប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតឆ្លងដែន និងការដោះស្រាយបញ្ហាការទន្ទ្រានព្រំដែន។
សម្រាប់អ្នកនាំពាក្យរូបនេះ លក្ខខណ្ឌខាងលើនេះមានសារសំខាន់ក្នុងការបង្កើតសន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នារវាងប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះអ្នកនាំពាក្យរូបនេះ ស្នើឱ្យកម្ពុជា បង្ហាញភាពស្មោះត្រង់ និងបញ្ឈប់នូវរាល់អំពើអរិភាពចំពោះប្រទេសថៃ ទាំងដែលថៃ តែងតែយាយី និងរំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ទន្ទឹមនឹងនេះ កងកម្លាំងភូមិន្ទថៃ ក៏បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្ន និងពឹងផ្អែកតែលើប្រភពផ្លូវការ ជាពិសេសពីកងកម្លាំងប្រដាប់អាវុធថៃ និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីជៀសវាងការយល់ច្រឡំ ឬគ្រោះថ្នាក់ ដែលអាចកើតមានចំពោះទំនាក់ទំនងទ្វេភាគី៕
ដោយ៖ សុខ មង្គល