អាជ្ញាធរថៃ បានអះអាងថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិមានតម្លៃរាប់សិបលានដុល្លារ រួមទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុនថាមពលក្នុងតំបន់ដ៏សំខាន់មួយ និងបានចេញដីកាចាប់ខ្លួនមនុស្សចំនួន៤២នាក់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញនៅក្នុងប្រទេសខ្លួន។ បច្ចុប្បន្នថៃ ត្រូវបានគេទុកជាមជាមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបណ្តាញឧក្រិដ្ឋជនរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ។
ទោះបីជាមនុស្សរាប់រយនាក់នៅក្នុងតំបន់ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ ដែលបានបោកប្រាស់មនុស្សទូទាំងពិភពលោកក៏ដោយ ក៏ភ្នាក់ងារអនុវត្តច្បាប់មិនទាន់បានចាប់ខ្លួនជនសង្ស័យដែលជាមេក្លោងនៃបណ្តាញបោកប្រាស់ ដែលរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារបាននៅឡើយទេ។
លោក ស៊ូផុន សារ៉ាផាត (Sophon Saraphat) អនុប្រធានការិយាល័យស៊ើបអង្កេតកណ្តាលថៃបានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរថៃ បានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃសរុប្រមាណ៣១៨ លានដុល្លារ និងបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន៤២នាក់ ខណៈមកទល់ពេលនេះបានឃាត់ខ្លួនជនសង្ស័យបានចំនួន២៩នាក់ហើយ។
ជាមួយគ្នានេះ ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ កំពុងស៊ើបអង្កេតលើក្រុមហ៊ុនថាមពល Bangchak Corporation ដែលមានទុនវិនិយោគប្រមាណ១៨៨លានដុល្លារ ក្រោមបទសង្ស័យក្រុមហ៊ុននេះមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ៕
ដោយៈ សរ សុជាតិ