កងទ័ពជើងទឹករបស់ថៃ បានប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រសម្រាប់ចល័តកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលបានជាប់គាំងដោយសារទឹកជំនន់ដ៏សាហាវនៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយផ្ទះរបស់ពួកគេរងការជន់លិចយ៉ាងអាណោចអាធ័ម។ ឧត្តមនាវីឯក ផារ៉ាត រតនៈឆៃផាន (Parat Rattanachaiphan) អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានបញ្ជាក់នៅថ្ងៃទី២៥ ខែវិច្ឆិកាថា កងទ័ពជើងទឹកបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយគ្រឿង ឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋនៅតំបន់ភាគខាងត្បូង ដែលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់។
បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ នាវាចំបាំងនេះនឹងក្លាយជាទីបញ្ជាការដ្ឋានបណ្តែតទឹកសម្រាប់បំពេញប្រតិបត្តិការរបស់ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ហើយវាក៏អាចដំណើរការជាផ្ទះបាយអណ្តែតទឹកសម្រាប់ចម្អិនអាហារប្រចាំថ្ងៃ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់រងគ្រោះផងដែរ។
ទន្ទឹមនឹងនេះ កងទ័ពជើងទឹកថៃ ក៏បានរៀបចំដាក់ពង្រាយនាវាចម្បាំង HTMS Chang និង HTMS Ang Thong និងបានបញ្ជូនអង្គភាពប្រតិបត្តិការពិសេសមួយរួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង និងបុគ្គលិកមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក ដើម្បីជួយប្រជាជនដែលជាប់គាំងនៅក្នុងតំបន់ ដែលមានចរន្តទឹកហូរខ្លាំងផងដែរ។
គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ទឹកជំនន់បានពន្លិចខេត្តនៅភាគខាងត្បូងរបស់ប្រទេសថៃ ចំនួន១០ខេត្ត ហើយបានធ្វើឲ្យមនុស្សជិត២លាននាក់រងផលប៉ះពាល់ ខណៈតំបន់ជាច្រើនទៀតកំពុងប្រឈមនឹងការកើនឡើងកម្រិតទឹកបន្ថែមទៀត។ ដោយឡែកខេត្តភាគខាងជើងចំនួន១១ ក៏បានរងការវាយប្រហារពីទឹកជំនន់ផងដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត៥០ម៉ឺននាក់ ប៉ុន្តែកម្រិតទឹកនៅទីនោះចាប់ផ្តើមស្រកវិញហើយ៕
ដោយៈ សរ សុជាតិ