
តាមរយៈសេចក្តីថ្លែងការរួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី១០ពាន់លានដុល្លារឱ្យដល់១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ លោកស្រី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តការរវាងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែននៃប្រទេសទាំងពីរ និងបញ្ចាប់ឱ្យបានលឿននូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកទ្វេភាគី ដើម្បីអនុញ្ញាត្តឱ្យយានយន្តឯកជនឆ្លងព្រំដែន និងសេវាដឹកទំនិញតាមផ្លូវគោកឆ្លងកាត់ព្រំដែន អាចកាត់បន្ថយថ្លៃដើមភស្តុភាកម្ម សំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងការតភ្ជាប់នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកប្រទេសថៃ ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានប្រាប់ភាគីថៃថា កម្ពុជា បានត្រៀមខ្លូនរួចជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈចង់រីកចម្រើនជាមួយគ្នាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។
ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។ ស្របពេលឆ្នាំ២០២៥ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀតផងដែរ។
គួរជម្រាបថា នៅក្នុងដំណើទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានសម្រេចចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧ ស្ដីពីវិស័យការងារ ការគាំពារបរិស្ថានឆ្លងដែន និងវិស័យសាធារណការនឹងដឹកជញ្ជូន ផងដែរ៕