ការកំណត់គោលដៅរបស់ថៃថា នឹងសម្រេចឱ្យបានបទឈប់បាញ់ជាមួយកម្ពុជា នៅមុនថ្ងៃបុណ្យណូអែលខាងមុខនេះ បានធ្វើឡើង ស្របពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពី ជម្លោះព្រំដែនកម្ពុជា-ថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ មជ្ឈមណ្ឌលព័ត៌មានរួមសម្រាប់ស្ថានការណ៍ថៃ-កម្ពុជា បានអះអាងថា ជាមួយនឹងការកំណត់តារាងពេលវេលាជាក់លាក់ និងរក្សាឱ្យបាននូវអត្ថប្រយោជន៍យោធា ប្រទេសថៃនឹងធ្វើយ៉ាងណាទម្លាក់បន្ទុកសម្ពាធអន្តរជាតិ មកលើប្រទេសកម្ពុជាវិញ។
ទោះយ៉ាងណា ថ្មីៗនេះ ប្រធានអាស៊ានប្ដូរវេន រួមទាំងក្រសួងការបរទេសចិន និងក្រសួងបរទេសអាម៉េរិកផង បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងចំពោះការអូសបន្លាយនៃជម្លោះព្រំដែនកម្ពុជា និងថៃនេះ និងទទូចឱ្យភាគីទាំងពីរអត់ធ្មត់ និងស្វែងរកការចេរចាបទឈប់បាញ់។ ពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក កាលពីថ្ងៃ ១៨ ខែធ្នូ បាននិយាយទូរសព្ទ ប្រាប់ចំៗទៅកាន់រដ្ឋមន្ត្រីការបរទេសថៃ ឱ្យវិលមកអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពកូឡាឡាំពួ ឱ្យបានឆាប់។
ទោះយ៉ាងណា ទីក្រុងបាងកក នៅតែមានះ ចង់បានឱ្យកម្ពុជា ត្រូវតែទទួលយកលក្ខខណ្ឌ ៣ចំណុច ដែលខ្លួនបានដាក់ចេញកាលពីថ្មីៗ ដើម្បីការចរចាបទឈប់បាញ់ ។ លក្ខខណ្ឌទាំងនោះរួមមាន ទី១) ប្រទេសកម្ពុជា ត្រូវតែប្រកាសឈប់បាញ់មុន, ២) បទឈប់បាញ់ត្រូវតែស៊ើបអង្កេតជាក់ស្ដែង និងត្រូវធ្វើជាបន្តបន្ទាប់។ និងទី៣) ប្រទេសកម្ពុជា ត្រូវតែបង្ហាញកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងប្រតិបត្តិការដោះមីនរួមគ្នា។
អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា បានចាត់ទុកលក្ខខណ្ឌទាំង៣របស់ថៃ ជាលក្ខខណ្ឌមិនអាចទទួលយកបាននោះទេ ព្រោះកម្ពុជា ជាជនរងគ្រោះ ហើយថៃ ខ្លួនឯងទេ ដែលជាអ្នកឈ្លានពានមកលើកម្ពុជា។ សម្រាប់អ្នកជំនាញលក្ខខណ្ឌទាំង៣នេះ គួរតែថៃជាអ្នកអនុវត្តខ្លួនឯង៕
ដោយ៖ សុខ មង្គល