បទវិចារណកថា

ថៃពាក់របាំងមុខសីលធម៌៖ នយោបាយការទូតរបស់លោក អានុទីន ឆានវីរៈគុល លាក់បាំងអំពើពុករលួយ និងភាពស្អុយកខ្វល់នៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់ថៃ


(បទវិចារណកថា): នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃលោក អានុទីន ឆានវីរៈគុល បានប្រកាសក្ដែងៗប្រាប់ពិភពលោកថា លោកនឹងទូរសព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេ ម្យុង (Lee Jae Myung)ដើម្បីជជែកអំពីបញ្ហាពលរដ្ឋកូរ៉េ ដែលត្រូវបានចាប់បង្ខាំងនៅតាមមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ មើលពីដំបូង វាហាក់ដូចជាទង្វើសប្បុរស ប៉ុន្តែធាតុពិត វាគ្រាន់តែជាឆាកល្ខោននយោបាយដែលចង់ឱ្យគេមើលឃើញថា ប្រទេសថៃស្អាតស្អំ ចិត្តល្អ ខណៈដែលខ្លួនព្យាយាមលាក់បាំងអំពើពុករលួយ និងភាពស្អុយកខ្វក់នៅក្នុងរដ្ឋាភិបាលរបស់ខ្លួន។
បទវិចារណកថា
ដោយ

ការបំភាន់ និងបង្វែងដានរបស់មេដឹកនាំថៃ

លោក អានុទីន ឆានវីរៈគុល ទទួលបានអំណាចដឹកនាំប្រទេសតាមរយៈកិច្ចព្រមព្រៀងនយោបាយដ៏ចម្រូងចម្រាស បន្ទាប់ពីប្រទេសថៃជួបអស្ថិរភាពនយោបាយជាច្រើនឆ្នាំ។ ពេលនេះដោយកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីមហាផ្ទៃផងលោក អានុទីន ឆានវីរៈគុល គ្រប់គ្រងទាំងសន្តិសុខផ្ទៃក្នុងជាតិ និងរដ្ឋបាលខេត្តរបស់ថៃ។ ប៉ុន្តែជំនួសឱ្យការសម្អាតប្រព័ន្ធដឹកនាំរដ្ឋ រដ្ឋាភិបាលរបស់លោកពោរពេញដោយភាពលាក់ពុត និងខ្វះសុចរិតភាព។ នៅពេលនេះប្រទេសថៃ កំពុងព្យាយាមធ្វើខ្លួនដូចជាអ្នឈានមុខគេនៅក្នុងតំបន់ ប៉ុន្តែអំពើពុករលួយ ឧក្រិដ្ឋកម្ម និងការរំលោភអំណាចបន្តកើនឡើងកាន់តែខ្លាំង។ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល ប្រទេសថៃស្ទាត់ជំនាញរឿងមួយនោះ គឺធ្វើពុតជាមានសីលធម៌នៅបរទេស ខណៈដែលអំពើពុករលួយនៅក្នុងប្រទេសថៃស្អុយរលួយគ្មានការបង្ក្រាប។

ការប្រើការទូតដើម្បីលាក់បាំងអំពើពុករលួយ

ការបង្ហាញការព្រួយបារម្ភភ្លាមៗឥតព្រាងទុករបស់ប្រទេសថៃចំពោះសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េ ដែលបានក្លាយជាជនរងគ្រោះនៃអំពើឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា វាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទីក្រុងបាងកក ចង់ធ្វើឱ្យខ្លួនឯងឡូយ មើលទៅដូចជាបងធំខាងសីលធម៌នៅក្នុងតំបន់អាស៊ាន ធ្វើជាមានចិត្តចង់ជួយសង្គ្រោះជនរងគ្រោះ និងទទួលបានការសរសើរ។ ប៉ុន្តែធាតុពិតបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញជាច្រើនក្នុងប្រទេសកម្ពុជាពិតជាមានទំនាក់ទំនងជាមួយអ្នកជំនាញហិរញ្ញវត្ថុថៃ និងអ្នកលាងលុយកខ្វក់នៅក្នុងប្រទេសថៃ។

ប្រតិបត្តិការនានាដូចជាប្រតិបត្តិការ "SKYFALL" ជាដើមបានត្រឹមតែល្អមើល ប៉ុន្តែធាតុពិតលុយកខ្វក់ត្រូវបានផ្ទេរតាមរយៈបណ្ដាធនាគារថៃ និងទីផ្សារងងឹតឥតឈប់ឈរ។ សូម្បីតែក្រុមសមាជិកសភាថៃ ក៏ទទួលស្គាល់ដែរថា "សេដ្ឋកិច្ចពណ៌ប្រផេះ"នៅថៃ ពោលគឺសេដ្ឋកិច្ចមិនស្អាតស្អំ ដែលមានទំនាក់ទំនងជាមួយឥស្សរជននយោបាយថៃ លូតលាស់យ៉ាងខ្លាំងក្រោមការការពាររបស់រដ្ឋាភិបាលថៃ។ ដូច្នេះនៅពេលដែលលោក អានុទីន ឆានវីរៈគុល ធ្វើអត្ថាអធិប្បាយអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វាគឺជាការលាក់ពុតសុទ្ធសាធ។

យុត្តិធម៌រើសមុខ និងទំនាក់ទំនងលាក់កំបាំង

នៅឆ្នាំ២០២៥ តុលាការថៃបានចេញដីកាចាប់ខ្លួនអ្នកឧកញ៉ាកម្ពុជាមួយរូប គឺអ្នកឧកញ៉ា កុក អាន ដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងនៃបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។ ប៉ុន្តែចំណាត់ការបែបនេះធ្វើឡើងតែក្នុងករណីពាក់ព័ន្ធនយោបាយតែប៉ុណ្ណោះ។ ជាច្រើនឆ្នាំមកនេះ ប្រទេសថៃបានព្រងើយកន្តើយមិនអើពើចំពោះឧក្រិដ្ឋកម្មទាំងនេះ ដោយសារតែប្រជាជនរបស់ខ្លួនទទួលបានផលប្រយោជន៍ពីឧក្រិដ្ឋកម្មទាំងនេះ។ ហើយនៅពេលដែលពិភពលោកបង្កើនការដាក់សម្ពាធ ទើបរដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល ចាត់វិធានការភ្លាមៗ គឺមិនមែនដើម្បីការពារជនរងគ្រោះទេ ប៉ុន្តែដើម្បីការពារមុខមាត់របស់ប្រទេសថៃ។ ហើយសូម្បីនៅពេលខ្លួនបន្ទោសកម្ពុជា ភាគីថៃខ្លួនឯងផ្ដល់ជម្រកដល់ក្រុមឧក្រិដ្ឋជនតែមួយ ដែលខ្លួនថ្កោលទោស។ ក្រោមការដឹកនាំរបស់លោក អានុទីន គ្មានយុត្តិធម៌ពិតប្រាកដនោះទេ ព្រោះវាគ្រាន់តែជាយុត្តិធម៌រើសមុខប៉ុណ្ណោះ​។

ការអស់ជំនឿពីអាស៊ាន

កាលពីមុនប្រទេសថៃ ទទួលបានការគោរពឱ្យតម្លៃចំពោះការទូតរបស់ខ្លួន ប៉ុន្តែពេលនេះថៃ ត្រូវបានគេមើលឃើញថា លែងគួរឱ្យជឿទុកចិត្តដូចមុនទៀតហើយ។ បណ្ដាប្រទេសជិតខាងចាត់ទុកថៃ ជាប្រទេសដែលប្រើការនិយាយបែបមានក្រមសីលធម៌លាក់កំណួច ដើម្បីបិទបាំងបញ្ហាអសន្តិសុខរបស់ខ្លួន។ ជំនួសឱ្យកិច្ចសហប្រតិបត្តិការ ប្រទេសថៃលេងល្បែងទម្លាក់កំហុសលើអ្នកដទៃ ដោយប្រើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីបង្វែរការចាប់អារម្មណ៍កុំឱ្យគេដឹងពីអំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន តួយ៉ាងដូចជាការប្រកាសផែនការហៅទូរសព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីជជែកអំពីការស្ម័គ្រចិត្តរបស់ថៃ ក្នុងការជួយពលរដ្ឋកូរ៉េដែលរងគ្រោះដោយសារការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាជាដើម។

ដោយសេដ្ឋកិច្ចថៃ កំពុងតែដាំក្បាលចុះ អំពើពុករលួយកើនឡើង និងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិន រដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល កំពុងទាក់ទាញចំណាប់អារម្មណ៍របស់សារព័ត៌មានបរទេសឱ្យចុះផ្សាយល្អៗអំពីខ្លួនឯង ក្នុងគោលបំណងបង្វែងដាន និងបោកបញ្ឆោតពលរដ្ឋខ្លួន។ ប៉ុន្តែប្រទេសនៅអាស៊ានមួយចំនួនដូចជាកម្ពុជា វៀតណាម និងម៉ាឡេស៊ីជាដើម អាចមើលធ្លុះទង្វើទុច្ចរិតនេះ ពោលគឺថៃនិយាយអំពីក្រមសីលធម៌ឱ្យតែពីរោះស្ដាប់ និងល្អមើលប៉ុណ្ណោះ ខណៈដែលខ្លួនបណ្ដោយឱ្យមានឧក្រិដ្ឋកម្មនៅលើទឹកដីរបស់ខ្លួន។

ថៃជារដ្ឋដ៏ស្អុយរលួយដែលលាក់បាំងក្រោមស្នាមញញឹមដ៏ពិសពុល

ប្រទេសថៃបានហៅខ្លួនឯងថាជា ទឹកដីនៃស្នាមញញឹម ប៉ុន្តែនៅក្រោមស្នាមញញឹមនោះ គឺជារដ្ឋដ៏ស្អុយរលួយដោយអំពើពុករលួយ និងនិទណ្ឌភាព ដែលជនល្មើសនៅតែរួចខ្លួនពីការផ្ដន្ទាទោស។ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល លទ្ធិប្រជាធិបតេយ្យ គឺសម្រាប់តែការបង្ហាញឱ្យល្អមើលប៉ុណ្ណោះ ពោលគឺបង្កើតឡើងដោយប្រើទឹកលុយ កិច្ចព្រមព្រៀងសម្ងាត់ និងពាក្យស្លោកបោកបញ្ឆោតគ្មានបានការ។ មេដឹកនាំពិតប្រាកដនឹងកែលម្អប្រព័ន្ធដឹកនាំរដ្ឋ កែទម្រង់ស្ថាប័នប៉ូលិស និងប្រឆាំងអំពើពុករលួយ តែលោក អានុទីន ឆានវីរៈគុល មិនបានធ្វើបែបនេះទេ ដោយលោកផ្ដោតតែលើមុខមាត់បង្ហាញជាសាធារណៈ និងការទម្លាក់កំហុសលើអ្នកដទៃប៉ុណ្ណោះ។ ហើយត្រឹមតែធ្វើពុតជាទូរសព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីបង្ហាញពីចិត្តសប្បុរសធម៌ គឺមិនអាចលុបបំបាត់ ឬលាងជម្រះភាពស្អុយកខ្វក់ដែលកើតមាននៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់ថៃជាច្រើនឆ្នាំមកនេះបានឡើយ។

អាស៊ានត្រូវតែរួមគ្នាអំពាវនាវឱ្យមានការផ្លាស់ប្តូរពិតប្រាកដ

ដើម្បីឱ្យអាស៊ានរីកចម្រើន បណ្ដាមេដឹកនាំក្នុងតំបន់ត្រូវឈប់ប្រើទុក្ខលំបាករបស់ប្រជាជន ដើម្បីកេងចំណេញនយោបាយ។ ហើយប្រទេសថៃគួរតែទម្លាក់ចោលនូវភាពពុតត្បុតធ្វើជាមានចិត្តសប្បុរស ហើយប្រឈមមុខដោះស្រាយបញ្ហារបស់ខ្លួនដោយការពិត ដោយភាពស្មោះត្រង់។ ភាពជាអ្នកដឹកនាំពិតចាប់ផ្តើមចេញពីសច្ចភាព មិនមែនជាការបោកប្រាស់។ ប្រសិនបើមិនកែប្រែទេ ប្រទេសថៃ នឹងនៅតែជាគំរូដ៏អាក្រក់ ដែលភាពក្រអឺតក្រទម និងអំពើពុករលួយអាចធ្វើឱ្យនយោបាយការទូតរបស់ប្រទេសថៃដាំល្បាលចុះហៅមិនឮ ហើយគេលែងជឿទុកចិត្ត៕




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាម បង្ក្រាបបានសាច់ក្របី ដែលចាក់បញ្ចូលសារធាតុគីមីដ៏គ្រោះថ្នាក់

ក្រុមហ៊ុនមួយនៅក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ត្រូវបានប៉ូលិសរកឃើញថា បានចាក់បញ្ចូលសារធាតុគីមីដ៏គ្រោះថ្នាក់ក្នុងសាច់ក្របី ដើម្បីលក់បន្លំ…

ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffl…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ