ថៃនឹងផ្ញើលិខិតទៅលោក ត្រាំ ដើម្បីបកស្រាយលាងខ្លួនជុំវិញការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្រោយត្រូវមួយព្រនង់របស់អាម៉េរិក


ក្រោយពីបានព្យាយាមរាយការណ៍បង្វែរស្ថានការណ៍ ដែលកងកម្លាំងថៃបានបាញ់ពលរដ្ឋខ្មែរឱ្យស្លាប់ម្នាក់ និងរបួស៣នាក់នៅភូមិព្រៃចាន់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចមក នៅពេលនេះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសថៃបានអះអាងថា លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃកំពុងរៀបចំលិខិតផ្ញើទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដើម្បីបកស្រាយលាងកំហុសខ្លួនពីការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ថៃនឹងផ្ញើលិខិតទៅលោក ត្រាំ
ដោយ

នាយករដ្ឋមន្ត្រីថៃលោក អានុទីន នឹងផ្ញើលិខិតផ្លូវការទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបកស្រាយលាងខ្លួន ហើយនៅតែចោទកម្ពុជាជាអ្នកបង្កបញ្ហាមុនទាំងឥតអៀនខ្មាស់ ជុំវិញការផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឬសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលខ្លួនបានប្រកាសទាត់ចោលជាឯកតោភាគីដោយគ្មានខ្វល់ខ្វាយពីអាម៉េរិក និងម៉ាឡេស៊ីដែលជាហត្ថលេខីទាល់តែសោះ។ ការផ្ញើលិខិតផ្លូវការទៅកាន់លោក ត្រាំ របស់នាយករដ្ឋមន្ត្រីថៃជិតខ្ទាតចេញពីតំណែងរូបនេះ ធ្វើឡើងក្រោយទាហានថៃបានបើកការបាញ់ប្រហារលើពលរដ្ឋស៊ីវិលកម្ពុជាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទន្ទឹមនឹងការបញ្ជាក់ពីការដាក់លិខិតផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់ប្រធានាធិបតីអាម៉េរិក លោក នីកនដេ បាឡានគុរ៉ា (Nikorndej Balankura) អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ នៅតែឆ្លៀតចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីនៅតាមព្រំដែន ហើយព្យាយាមនិយាយលើកមុខមាត់ប្រទេសថៃថា តាមសម្ពាធអន្តរជាតិនឹងជំរុញឲ្យកម្ពុជាវិលត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ទាំងដែលខ្លួនឯងជាអ្នកបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពម្តងហើយម្តងទៀត។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យថៃរូបនេះ ខ្លឹមសារនៅក្នុងលិខិតផ្លូវការដែលនាយករដ្ឋមន្ត្រីថៃគ្រោងផ្ញើទៅកាន់លោក ត្រាំ បានផ្តោតសំខាន់លើបញ្ហាសន្តិសុខព្រំដែន ដែលគូសបញ្ជាក់ពីគោលការណ៍ និងការរំពឹងទុករបស់ថៃ ប៉ុន្តែបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកមិនត្រូវបានដាក់បញ្ចូលក្នុងលិខិតនេះទេ។

ពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែននេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញពីឆន្ទៈរបស់កម្ពុជាយ៉ាងច្បាស់ចំពោះការអនុវត្តតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តអនុវត្តនូវស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះ ដោយកន្លងមកកម្ពុជាតែងតែដើរមុនថៃជានិច្ចលើកិច្ចការមួយនេះ៕




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ