លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានចាត់ទុកសកម្មភាពយ៉ាងគឃ្លើនរបស់យោធាថៃ កំពុងឈានដល់ដំណាក់កាលថ្មី នៃការប្រមាថសាសនា។ ការណ៍នេះទាមទារឱ្យអ្នកគោរពសាសនានានា ត្រូវធ្វើការពិចារណាឡើងវិញមុននឹងប្រើប្រាស់ផលិតផល និងទៅលេងក្នុងប្រទេសថៃ។ បើតាមអ្នកជំនាញរូបនេះ សកម្មភាពបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ នៅលើទឹកដីកម្ពុជានេះ មិនមែនជាការកែសម្រួលបច្ចេកទេសនោះទេ ហើយក៏មិនមែនជារដ្ឋបាលដែរ តែវាជាអំពើហិង្សាវប្បធម៌។ ការណ៍នេះត្រូវបានលោកបណ្ឌិត ធួន ស៊ីណាន វាយតម្លៃថា នឹងធ្វើឱ្យអ្នកគោរពសាសនាហិណ្ឌូ ពិសេសពលរដ្ឋឥណ្ឌា ដែលជាទីផ្សារទេសចរណ៍ធំជាងគេនៅលើពិភពលោកនឹងដូរគោលដៅមកកាន់កម្ពុជា ឬទៅកាន់គោលដៅផ្សេងទៀតក្រៅពីប្រទេសថៃ។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ ដោយយោធាថៃ កំពុងបង្កផលប៉ះពាល់ដល់អ្នកកាន់សាសនា ហិណ្ឌូ ពិសេសដល់ពលរដ្ឋឥណ្ឌាតែម្ដង។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ វាយតម្លៃថា អាចនឹងធ្វើឱ្យពលរដ្ឋឥណ្ឌា ដែលជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោកងាកចេញពីប្រទេសថៃ ហើយអាចនឹងក្លាយជាឱកាសមាសសម្រាប់ទីផ្សារទេសចរណ៍របស់កម្ពុជា ខណៈនៅក្នុងកាលៈទេសៈនេះ កម្ពុជា មានប្រសាទបុរាណជាច្រើនដែលឧទ្ទិសដល់ព្រះវិណ្ណុ និងព្រះទេវៈ។
ពាក់ព័ន្ធនឹងបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ បង្កឡើងដោយយោធាថៃនេះដែរ ត្រូវបានកាសែតអន្តរជាតិធំៗចុះផ្សាយថា រូបសំណាកនេះស្ថិតក្នុងទឹកដីកម្ពុជាប្រហែល៤០០ម៉ែត្រពីព្រំដែន។ ការបំផ្លិចបំផ្លាញនេះ កំពុងរងនូវការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រសួងការបរទេសឥណ្ឌា និងជាទង្វើគ្មានការគោរពចំពោះសាសនា។ ទន្ទឹមនេះ ពលរដ្ឋឥណ្ឌា និងប្រជាជនប្រទេសផ្សេងទៀត ដែលកាន់សាសនាហិណ្ឌូ ក៏បានសម្ដែងការខឹងសម្បារចំពោះទង្វើរបស់យោធាថៃនេះដែរ ដោយអ្នកខ្លះបានប្រកាសនៅលើបណ្ដាញសង្គមថា នឹងធ្វើពហិការ ចំពោះការធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសថៃទៀតផង៕
អត្ថបទ៖ បូ ដូឡា