
ប្រទេសថៃ កំពុងបន្តចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក លើបញ្ហាពន្ធបដិការ ដែលមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងនៅឡើយ ខណៈសហរដ្ឋអាម៉េរិក បានប្រកាសពន្ធគយថ្មី៣៦% លើការនាំចេញទំនិញរបស់ថៃ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ បញ្ហានេះ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលថៃ ដែលដៃម្ខាងកំពុងទប់ទល់នឹងវិបត្តិនយោបាយផ្ទៃក្នុង និងការធ្លាក់ចុះសេដ្ឋកិច្ច និងដៃម្ខាងកំពុងទប់ទល់បញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងដូចជា កម្ពុជា និង មីយ៉ាន់ម៉ាជាដើម។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានបង្ហើបថា ថៃ គ្រោងនឹងបើកចំហទីផ្សារចំពោះអាម៉េរិក ដោយកាត់បន្ថយពន្ធលើផលិតផលរហូតដល់៩០% ឯណោះ ខណៈកាលបរិច្ឆេទកំណត់ថ្ងៃទី១ ខែសីហា កាន់តែខិតជិតចូលមកដល់។
សហរដ្ឋអាម៉េរិក កំពុងទាមទារឱ្យថៃ លើកលែងពន្ធលើទំនិញរបស់អាម៉េរិក ជាពិសេសផលិតផលកសិកម្មមួយចំនួនដូចជាសាច់ជ្រូក សាច់មាន់ និងសាច់គោ ដែលជាមធ្យោបាយមួយ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលអាម៉េរិក បានអនុគ្រោះដល់ប្រទេសថៃ នាពេលកន្លងមក។
ទោះជាយ៉ាងណាមានការជំទាស់យ៉ាងខ្លាំងពីវិស័យកសិកម្មរបស់ប្រទេសថៃ ដោយមន្ត្រីពាក់ព័ន្ធនឹងវិស័យនេះ បាននិយាយថា សំណើរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្ថយពន្ធលើការនាំចូលសាច់ជ្រូករួមទាំងការបើកចំហទីផ្សារលើផលិតផលផ្សេងៗនេះ នឹងបង្កឱ្យមានការព្រួយបារម្ភ និងគំរាមកំហែងដល់វិស័យកសិកម្ម និងកសិកររបស់ថៃ ដោយសារសាច់ជ្រូករបស់អាម៉េរិកផលិតក្នុងតម្លៃទាប។
គេបានប៉ាន់ប្រមាណថា ថៃនឹងរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជាង៣ពាន់លានដុល្លារ ប្រសិនបើថៃ បើកឱ្យសាច់ជ្រូកអាម៉េរិក ហូរចូលទីផ្សារខ្លួនដោយសេរីមែននោះ៕
ដោយ៖ សុខ មង្គល