
ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា រហូតឈានដល់ការបិទព្រំដែនកម្ពុជា-ថៃ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានប៉ាន់ប្រមាណថា ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យរាំងស្ទះពាណិជ្ជកម្ម ឬធ្វើឱ្យសេដ្ឋកិច្ចថៃ ខាតបង់រហូតដល់ទៅប្រមាណជាង១៥លានដុល្លារអាម៉េរិក ក្នុងមួយថ្ងៃ ឬស្មើនឹង៤៦៥លានដុល្លារអាម៉េរិក ក្នុងមួយខែ ហើយបើគិតពេញមួយឆ្នាំមានទំហំជាង៥,៥ពាន់លានដុល្លារអាម៉េរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
បន្ថែមលើនេះ សេដ្ឋកិច្ចថៃ ក៏កំពុងខាតបះដៃបះជើងដោយសារតែប្រទេសមីយ៉ាន់ម៉ា បានបិទច្រកព្រំដែនពាណិជ្ជកម្មដ៏សំខាន់ជាមួយថៃ ផងដែរ ដែលធ្វើឱ្យរថយន្តដឹកទំនិញថៃ រហូតដល់ទៅជាង៤០០គ្រឿងជាប់គាំងនៅទីនោះអស់រយៈពេលជាច្រើនថ្ងៃចាប់តាំងពីថ្ងៃទី១៨ ខែសីហា មកទល់ពេលនេះ ហើយប្រសិនបើការបិទនេះនៅតែបន្ត នោះសេដ្ឋកិច្ចថៃ អាចនឹងខាតបង់សរុបប្រមាណ៤ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀត។ ដើម្បីសម្រាលផលប៉ះពាល់ ក្រសួងពាណិជ្ជកម្មថៃ បានទទូចសុំឱ្យភាគីមីយ៉ាន់ម៉ា បើកច្រកទ្វារព្រំដែនឡើងវិញ ប៉ុន្តែភាគីមីយ៉ាន់ម៉ា ទំនងមិនបើកច្រកព្រំដែននេះវិញឡើយ ព្រោះការបិទនេះ គឺដើម្បីទប់ការនាំចូលទំនិញខុសច្បាប់ដែលធ្វើឱ្យមីយ៉ាន់ម៉ា បាត់ប្រាក់ចំណូលជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ទន្ទឹមនេះ បញ្ហាកង្វះកម្លាំងពលកម្ម ក៏កំពុងធ្វើឱ្យវិស័យសំខាន់ៗរបស់ថៃ ដាំក្បាលចុះផងដែរ ដោយសារតែពលករខ្មែរសម្រុកចាកចេញពីប្រទេសថៃ វិលចូលស្រុកវិញ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
មិនតែប៉ុណ្ណោះ ខណៈដែលអត្រាពន្ធគយបដិការថ្មីរបស់សហរដ្ឋអាម៉េរិក ត្រូវបានបញ្ចុះមកនៅកម្រិតទាបជាងការរំពឹងទុកត្រឹម១៩% បញ្ហាធំជាងនេះបានកើតមានឡើង នោះគឺពន្ធបន្ថែម ឬពន្ធពិន័យ៤០% ដែលសហរដ្ឋអាម៉េរិក ដាក់លើផលិតផលណាដែលមិនអាចបំពេញបានតាមវិធានដ៏តឹងរ៉ឹងដែលតម្រូវឱ្យផលិតផលថៃ សម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ត្រូវតែផលិតក្នុងស្រុកឱ្យបាន៦០% នៃផលិតផលសម្រេចជាកំហិត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation៕
ដោយ: តែម សុខុម