
ការនាំចេញសរុបរបស់ប្រទេសថៃ ក្នុងខែឧសភា បានឈានដល់ជាង៣១ពាន់លានដុល្លារអាម៉េរិក កើនឡើង១៨,៤% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ដោយសារមានតម្រូវការខ្លាំងពីទីផ្សារសំខាន់ៗរួមមាន សហរដ្ឋអាម៉េរិក មហាយក្សចិន និងឥណ្ឌា ហើយមុខទំនិញនាំចេញសំខាន់ៗ រួមមាន ផ្លែឈើកែច្នៃ គ្រឿងសមុទ្រ និងដំឡូងមី។
ទោះជាយ៉ាងណាការនាំចេញអង្ករ ជ័រកៅស៊ូ និងឧបករណ៍ទូរគមនាគមន៍បានធ្លាក់ចុះ ហើយជាការកត់សម្គាល់ ពាណិជ្ជកម្មជាមួយប្រទេសជប៉ុន និងប្រទេសចំនួន៥ផ្សេងទៀតក្នុងតំបន់អាស៊ាន ក៏ធ្លាក់ចុះផងដែរ។
នៅខែឧសភា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេសដែលមកលេងនៅប្រទេសថៃ បានធ្លាក់ចុះ១៣,៩% មកនៅត្រឹម២,២លាននាក់ បើធៀបនឹងឆ្នាំមុនដោយសារភាពតានតឹងនៅក្នុងតំបន់។ ទន្ទឹមនេះដែរ ភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងបន្តិចជាង១,៩% ឈានដល់២២,៩លាននាក់។
ការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់បានធ្លាក់ចុះ តួយ៉ាងការលក់ម៉ូតូបានធ្លាក់ចុះ១,២% ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះខ្លាំងមកនៅត្រឹម៥៤,២% បើធៀបនឹង៥៥,៤%ក្នុងខែមេសា ហើយប្រាក់ចំណូលពិតប្រាកដពីកសិដ្ឋាន ក៏បានធ្លាក់ចុះ៤,៧% ផងដែរ។
ការវិនិយោគឯកជនភាគច្រើននៅទ្រឹង ហើយការនាំចូលគ្រឿងចក្របានកើនឡើងយ៉ាងខ្លាំងក្នុងទំហំ៣៦,២% ប៉ុន្តែការលក់រថយន្តពាណិជ្ជកម្ម រួមមាន រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញជាដើមបានធ្លាក់ចុះ១០,៩% ដែលបង្ហាញពីការធ្លាក់ចុះទំនុកចិត្តរបស់អាជីវកម្ម។ ផលិតកម្មកសិកម្មបានកើនឡើង៤,៣% បើធៀបនឹងឆ្នាំមុន ដោយអង្ករ និងជ័រកៅស៊ូ បានឈានមុខគេ ប៉ុន្តែផលិតកម្មដំឡូងមី និងដូងប្រេងបានធ្លាក់ចុះ។
ទំនុកចិត្តក្នុងវិស័យឧស្សាហកម្មបានធ្លាក់ចុះ ដោយសន្ទស្សន៍ទំនុកចិត្តក្នុងវិស័យឧស្សាហកម្មបានបង្ហាញពីការធ្លាក់ចុះមកនៅត្រឹម៨៨,១% ប៉ុន្តែសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) សម្រាប់ប្រទេសថៃ បានកើនឡើងពី៤៩,៥% ក្នុងខែមេសា ឈានដល់៥១,២% ក្នុងខែឧសភា ដោយបង្ហាញពីក្ដីសង្ឃឹមក្នុងការនាំចេញក្នុងវិស័យផលិតកម្ម។
ទិន្នន័យបង្ហាញថា អតិផរណានៅតែទាបក្នុងរង្វង់០,៥៧% ដែលបង្ហាញពីអប្បផរណាកម្រិតស្រាល ខណៈដែលអតិផរណាស្នូល គឺស្ថិតក្នុងរង្វង់ជាង១%។ ហើយបំណុលសាធារណៈរបស់ប្រទេសថៃ ពេលនេះ មានទំហំស្មើនឹង៦៤,៨%នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្ថិតក្នុងដែនកំណត់នៃច្បាប់។
ទិន្នន័យបង្ហាញទៀតថា ទុនបម្រុងអន្តរជាតិ របស់ប្រទេសថៃ នៅតែរឹងមាំក្នុងទំហំជាង២៥៧ពាន់លានដុល្លារអាម៉េរិក ដែលអាចជួយគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចបាន បើទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ៕
ដោយ: តែម សុខុម