យោងតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA គណៈកម្មការបោះឆ្នោតថៃបានបញ្ជាក់ពីសុពលភាពលើអាសនៈសមាជិកសភាចំនួន៣៩៦រូបក្នុងចំណោមអាសនៈសរុប៥០០។ ជាលទ្ធផលគណបក្សភូមិចៃថៃរបស់លោក អានុទីន ទទួលបានអាសនៈច្រើនជាងគេបំផុតរហូតដល់១៧០អាសនៈក្លាយជាបក្សដែលមានសំឡេងនាំមុខគេក្នុងសភា។
ដោយឡែក គណបក្សប្រជាជន ដែលជាបក្សនិយមកំណែទម្រង់ និងធ្លាប់ត្រូវបានព្យាករថា នឹងទទួលបានជ័យជម្នះលេខ១ មុនការបោះឆ្នោតថ្ងៃទី៨ កុម្ភៈ នោះ បានធ្លាក់មកជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានត្រឹម៨៨អាសនៈប៉ុណ្ណោះ។ ចំណែកឯគណបក្ស ភឿថៃ ដែលជាបក្សប្រជានិយមផ្សារភ្ជាប់នឹងអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានចំណាត់ថ្នាក់លេខ៣ជាមួយអាសនៈចំនួន៥៨។
ដោយសារគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាត គណបក្សភូមិចៃថៃ និងបក្សភឿថៃ បានសម្រេចព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដោយមានការចូលរួមពីបក្សតូចៗជាច្រើនទៀត ដើម្បីប្រមូលសំឡេងឱ្យគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ ទោះជាយ៉ាងណាភាពមិនប្រក្រតីមួយចំនួនត្រូវបានរកឃើញនៅការិយាល័យបោះឆ្នោតក្នុងខេត្តភាគខាងជើង ដែលតម្រូវឱ្យមានការបោះឆ្នោតឡើងវិញនៅថ្ងៃទី១ ខែមីនា ខាងមុខ ដោយសារចំនួនអ្នកចុះឈ្មោះ និងចំនួនសន្លឹកឆ្នោតមិនស៊ីគ្នា។
សូមបញ្ជាក់ថា តាមនីតិវិធីច្បាប់ គណៈកម្មការរៀបចំការបោះឆ្នោត ត្រូវតែប្រកាសទទួលស្គាល់លទ្ធផលសមាជិកសភាឱ្យបានយ៉ាងហោច៩៥ភាគរយមុនពេលរដ្ឋសភាថ្មីអាចបើកសម័យប្រជុំដំបូង ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសភា និងនាយករដ្ឋមន្ត្រីជាផ្លូវការ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស