
នាង ថាណាណុន នីរ៉ាមីត (Thananont Niramit) ដែលមានឈ្មោះដើមថា ស៊ូផាណាន នីរ៉ាស៊ីត (Supanan Nirasit) ឬដែលគេស្គាល់ថា ចាចា (Jajaa) វ័យ៣៩ឆ្នាំ និងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អានុទីន ឆានវីរៈគុល វ័យ៥៨ឆ្នាំបានផ្ដើមស្នេហ៍ចេញពីនាង ចាចា ដែលជាម្ចាស់ហាងកាហ្វេ និងលោក អានុទីន ដែលជាម៉ូយប្រចាំនៅហាងកាហ្វេរបស់នាងនៅខេត្តរ៉ាក់ណង (Ranong) ប្រទេសថៃ។
លោក អានុទីន ដែលជាអ្នកតស៊ូមតិគាំទ្រការបង្កើតច្បាប់អនុញ្ញាតឱ្យការប្រើប្រាស់កញ្ឆា និងដែលចូលចិត្តខារ៉ាអូខេធ្លាប់រៀបការប្រពន្ធ២នាក់រួចមកហើយ ហើយក៏បានលែងលះប្រពន្ធទាំងពីរនាក់ដោយចំណងដៃជាមួយប្រពន្ធទី១ បានកូនប្រុសស្រីពីរនាក់ ចំណែកឯប្រពន្ធទី២ គ្មានកូនជាមួយគ្នានោះទេ ហើយក្រោយមកលោក អានុទីន ក៏បានស្គាល់ និងទាក់ទងស្នេហាស៊ីជម្រៅជាមួយនាង ចាចា។
ក្រោយរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធបាន២ឆ្នាំ លោក អានុទីន ក៏បានណែនាំនាង ចាចា ឱ្យស្គាល់ចាស់ទុំ និងសមាជិកគ្រួសាររបស់លោក ដើម្បីឱ្យពួកគេដឹងឮ និងទទួលស្គាល់នាងជាផ្លូវការ ប៉ុន្តែរហូតមកទល់ពេលនេះ អ្នកទាំងពីរគ្មានកូនជាមួយគ្នានោះទេ។ លោក អានុទីន ដែលជាបុគ្គលចូលចិត្តស្វែងរកការកម្សាន្តដូចជាលេងសាកហ្សូហ្វូន បើកយន្តហោះផ្ទាល់ខ្លួន ចម្អិនអាហារ និងដែលចូលចិត្តបរិភោគអាហារតាមផ្លូវ បានបណ្ដើរនាង ចាចា ទៅចូលរួមក្នុងកម្មវិធីដ៏ធំមួយរបស់ព្រះរាជវង្សានុវង្ស ដែលជាការបើកចំហទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរជាសាធារណៈលើកដំបូងនៅអំឡុងខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថា នាង ចាចា ដែលជានិស្សិតរៀនចប់ពីសកលវិទ្យាធម្មសាត ((Thammasat University) កើតក្នុងគ្រួសារថៃ សែស្រឡាយចិន ដែលជាអ្នករកស៊ីខាងលក់គ្រឿងបន្លាស់រថយន្តនៅខេត្តរ៉ាក់ណង ហើយនាងមានបងប្អូនស្រីបួននាក់ ហើយបច្ចុប្បន្ននាង ចាចា គឺជាថៅកែហាងកាហ្វេដែលមានឈ្មោះថា JaJaa Coffee៕
ដោយ: តែម សុខុម