សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានព្យាករថា ការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះមកនៅត្រឹមប្រមាណ៧លានតោនប៉ុណ្ណោះនៅឆ្នាំ២០២៦ នេះ។ ទិន្នន័យបង្ហាញថា លុយបាតរបស់ថៃ បានឡើងថ្លៃខ្លាំងរហូតដល់ទៅប្រមាណ៩% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជាកត្តាជំរុញឱ្យតម្លៃអង្ករថៃខ្ពស់ជាងដៃគូប្រកួតប្រជែងដូចជាវៀតណាម និងឥណ្ឌា ចន្លោះពី២០ទៅ៣០ដុល្លារអាម៉េរិកក្នុងមួយតោន។
បរិមាណអង្ករនាំចេញបានធ្លាក់ចុះប្រមាណ២០% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម៧,៩លានតោន បន្ទាប់ពីប្រទេសឥណ្ឌាបានវិលត្រលប់មកកាន់ទីផ្សារនាំចេញអង្ករឡើងវិញ។ អង្ករសរបស់ថៃបច្ចុប្បន្នមានតម្លៃ ៣៨៣ដុល្លារអាម៉េរិកក្នុងមួយតោន បើធៀបនឹងអង្ករវៀតណាម ដែលមានតម្លៃ៣៦២ដុល្លារ និងអង្ករឥណ្ឌាមានតម្លៃ៣៥១ដុល្លារក្នុងមួយតោន។
ទន្ទឹមនេះតម្រូវការអង្ករថៃ ក៏កំពុងចុះខ្សោយផងដែរនៅក្នុងទីផ្សារសំខាន់ៗរួមទាំងសហរដ្ឋអាម៉េរិក ដែលទិញប្រមាណ១០% នៃអង្ករនាំចេញរបស់ប្រទេសថៃ។ ការដឹកជញ្ជូនអង្កររបស់ថៃទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ៣៤% កាលពីអំឡុងខែមករា ដើមឆ្នាំនេះ ហើយពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកអាចនឹងធ្វើឱ្យការនាំចេញអង្កររបស់ថៃទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកធ្លាក់ចុះបន្ថែមទៀតចន្លោះពី១៥%ទៅ២០%។ ជាការពិតណាស់ថា ការធ្លាក់ចុះការនាំចេញអង្ករនឹងធ្វើឱ្យប៉ះពាល់ដល់កសិករថៃ ខណៈដែលតម្រូវការអង្ករធ្លាក់ចុះទំនងជានឹងធ្វើឱ្យតម្លៃស្រូវ និងប្រាក់ចំណូលកសិកម្មធ្លាក់ចុះទៅតាមនោះដែរ៕
ដោយ: តែម សុខុម