ផ្សារមូលបត្រថៃ (SET) បានចេញការព្រមានមួយកាលពីពេលថ្មីៗនេះដោយបានក្រើនរំលឹកដល់អតិថិជនរបស់ពួកគេឱ្យមានការប្រយ័ត្នចំពោះអ្នកបោកប្រាស់ ដែលបានក្លែងខ្លួនជាផ្សារមូលបត្រតាមរយៈការផ្ញើអ៊ីមែល និងការបង្ហោះសារក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអូសទាញជនរងគ្រោះឱ្យចូលរួមនៅក្នុងការវិនិយោគទៅលើរូបិយប័ណ្ណគ្រីបតូ។
ការក្រើនរំលឹករបស់ផ្សារមូលបត្រថៃនេះ ធ្វើឡើងក្រោយពួកគេរកឃើញថា ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានក្លែងបន្លំឈ្មោះរបស់ទីផ្សារនេះ និងបានផ្ញើអ៊ីមែលក្លែងក្លាយទៅកាន់វិនិយោគិន និងសាធារណជន។ អ្នកផ្ញើអ៊ីមែលទាំងនោះបានព្យាយាមអូសទាញអ្នកវិនិយោគឱ្យចុចលើតំណភ្ជាប់ ដើម្បីចូលរួម ឬវិនិយោគលើគម្រោងរូបិយប័ណ្ណគ្រីបតូ។
ផ្សារមូលបត្ររបស់ថៃ បានសង្កត់ធ្ងន់ថា ការផ្សាយពាណិជ្ជកម្ម និងអ៊ីមែលបែបនេះ គឺជារឿងក្លែងក្លាយ និងជាការឆបោក ហើយបានបដិសេធថា ផ្សារហ៊ុនមិនមានទំនាក់ទំនងជាមួយការផ្តល់ការវិនិយោគ ឬការផ្សព្វផ្សាយអំពីទ្រព្យសម្បត្តិឌីជីថលណាមួយ ដែលចរាចរនៅតាមអ៊ីនធឺណិតនោះទេ។
ផ្សារហ៊ុនថៃ បានជំរុញឱ្យសាធារណជនកុំទុកចិត្ត ឬចូលរួមក្នុងការផ្សាយពាណិជ្ជកម្មតាមទំព័រ ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដែលប្រើប្រាស់ឈ្មោះ ឬឡូហ្គោរបស់ផ្សារហ៊ុនថៃ ឬឈ្មោះរបស់នាយកប្រតិបត្តិ និងឥស្សរជនល្បីៗនៅក្នុងទីផ្សារមូលប័ត្រនេះ ដើម្បីស្នើសុំការវិនិយោគ ឬផ្តល់ព័ត៌មានវិនិយោគ ព្រោះវាជាសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត៕
ដោយ៖ សុខ មង្គល