
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារក្រុងបាងកក នៅព្រឹកថ្ងៃទី៩ ខែកញ្ញា តាមសាលដីការបស់តុលាការកំពូលថៃ។ តាមសាលដីការបស់តុលាការកំពូលថៃ លោក ថាក់ស៊ីន ត្រូវតែអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំឡើងវិញ ក្រោយការចូលសម្រាករបស់លោក ថាក់ស៊ីន ក្នុងបន្ទប់ VIP នៅមន្ទីរពេទ្យប៉ូលិសមិនត្រូវបានចាត់ទុកជាការអនុវត្តទោស ដែលបញ្ហានេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់នយោបាយរបស់ត្រកូលស៊ីណាវ៉ាត្រាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
ចៅក្រមបាននិយាយថា លោក ថាក់ស៊ីន មិនមានជំងឺធ្ងន់ធ្ងរនោះទេ ហើយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកមិនអាចរាប់បញ្ចូលថាជាពេលវេលានៃការបម្រើទោសបានឡើយ ហើយបានបន្ថែមថា ការទទួលខុសត្រូវនេះមិនជាប់ពាក់ព័ន្ធនឹងគ្រូពេទ្យទេ ដោយសារមហាសេដ្ឋីរូបនេះមានចេតនាពន្យារពេលស្នាក់នៅក្នុងមន្ទីរពេទ្យ។
សូមរំលឹកថា សំណុំរឿងខាងលើមានការជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ ដែលតុលាការបានចោទលោក ថាក់ស៊ីន ក្នុងអំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៦ ដោយតុលាការកាត់ទោសឱ្យលោកជាប់ពន្ធនាគារ៨ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយឱ្យនៅសល់តែ១ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះលោក ថាក់ស៊ីន ស្ថិតនៅក្នុងបន្ទប់ពន្ធនាគារមិនដល់១ថ្ងៃនោះទេ ហើយ លោក ក៏បានស្នើសុំបម្រើទោសនៅក្នុងមន្ទីរពេទ្យដោយបានប្រមាណ៦ខែ បន្ទាប់មកស្នើសុំបម្រើទោសនៅក្នុងផ្ទះរបស់លោកនៅរាជធានីបាងកក៕
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានអមដំណើរឪពុកអាយុ៧៦ឆ្នាំទៅកាន់តុលាការបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការកាត់ទោសរបស់តុលាការថា លោកស្រី ពិតជាមានព្រួយបារម្ភចំពោះឪពុករបស់លោកស្រី ប៉ុន្តែពេលនេះទាំងលោក ថាក់ស៊ីន និងក្រុមគ្រួសារមានស្មារតីល្អជាធម្មតា៕
ដោយ៖ សុខ មង្គល