មេដឹកនាំថៃ

ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋថៃ ចង់ឱ្យមេដឹកនាំបក្សប្រឆាំងកាន់តំណែងនាយករដ្ឋមន្ត្រី ខណៈលោកស្រី ផៃថងថាន នឹងដើរតាមគន្លងលោក ប្រាយុទ្ធ ចាន់អូចា


ស្របពេលបញ្ហានយោបាយនៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងភាពចលាចល ហើយក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារឱ្យលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង ការស្ទង់មតិមួយបានបង្ហាញថា ពលរដ្ឋថៃ ភាគច្រើនចង់ឱ្យមេដឹកនាំគណបក្សប្រឆាំងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជំនួសលោកស្រី ផៃថងថាន។ ទន្ទឹមនឹងនេះមានការលើកឡើងថា លោកស្រី ផៃថងថាន អាចនឹងដើរតាមគន្លងរបស់លោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃ ដោយអាចទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ប្រសិនបើតុលាការធម្មនុញ្ញថៃ ព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី។
មេដឹកនាំថៃ
ដោយ

សារព័ត៌មាន The Nation បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានបញ្ជូនឈ្មោះគណៈរដ្ឋមន្ត្រីថ្មីទៅលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យគុណវុឌ្ឍិគណៈរដ្ឋមន្ត្រីថ្មី ដែលគេហៅថា គណៈរដ្ឋមន្ត្រី ផៃថងថាន ១/២ ហើយសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះត្រូវបានគេរំពឹងថា បានដាក់ថ្វាយព្រះមហាក្សត្រថៃ កាលពីថ្ងៃទី២៨ ខែមិថុនា រួចហើយ ដើម្បីអនុម័តចុងក្រោយ។

ក្នុងចំណោមសមាសភាពគណៈរដ្ឋមន្ត្រីថៃ ថ្មីនេះ លោកស្រី ផែថងថាន ត្រូវបានគេដឹងថានឹងកាន់តួនាទីជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផង បន្ទាប់ពីបានផ្ទេរលោកស្រី ស៊ូដាវ៉ាន វ៉ាងស៊ូផាគិចកូសូល (Sudawan Wangsuphakijkosol) ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាការធ្វើតាមយុទ្ធសាស្ត្ររបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលធ្វើជារដ្ឋមន្ត្រីការពារជាតិក្នុងពេលតុលាការធម្មនុញ្ញបញ្ជាឱ្យព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោក។

បើតាមប្រភពដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា ការសម្រេចចិត្តឱ្យលោកស្រី ផៃថងថាន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌នេះ គឺជាផ្នែកមួយនៃផែនការបន្ទាន់ចំពេលមានការរំពឹងថា តុលាការធម្មនុញ្ញអាចនឹងព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ជាបណ្តោះអាសន្ន ដោយសារសំណុំរឿងផ្លូវច្បាប់ដែលកំពុងបន្តទាក់ទងនឹងការលេចធ្លាយសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ទន្ទឹមនឹងនេះ ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍ (Nida) ជាមួយមនុស្ស២ពាន់នាក់ បានបង្ហាញថា អ្នកឆ្លើយសំណួរភាគច្រើនគាំទ្រលោក ណាតថាពុង រឿងផាន់យ៉ាវុត (NatthaphongRuengpanyawut) មេដឹកនាំគណបក្សប្រជាជន (PP) ដែលជាបក្សប្រឆាំងឱ្យឡើងកាន់តែណែងនាយករដ្ឋមន្ត្រីជំនួសលោកស្រី ផៃថងថាន។

លទ្ធផលស្ទង់មតិបានបង្ហាញថា ក្នុងចំណោមអ្នកឆ្លើយសំណួរទាំងអស់មាន៣១,៤៨% ចង់ឱ្យ លោក ណាតថាពុង ធ្វើជានាយករដ្ឋមន្ត្រី ដោយសារលោកជាយុវជនជំនាន់ក្រោយ ដែលមានភាពក្លាហានក្នុងការបញ្ចេញមតិ មានជំហរនយោបាយរឹងមាំ និងបង្ហាញគំនិតច្បាស់លាស់ និងទំនើបផងដែរ។ ចំណែកអ្នកឆ្លើយសំណួរតែជិត១០% ប៉ុណ្ណោះ ដែលគាំទ្រគណបក្សភឿថៃ របស់លោកស្រី ផៃថងថាន ឱ្យបន្តធ្វើជានាយករដ្ឋមន្ត្រី៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមនឹងបើកយុទ្ធនាការត្រួតពិនិត្យប្រេងឆាទូទាំងប្រទេស ក្រោយរកឃើញក្រុមហ៊ុនមួយយកប្រេងសម្រាប់ធ្វើចំណីសត្វបន្លំធ្វើជាប្រេងឆាសម្រាប់ចម្អិនម្ហូប

ប្រទេសវៀតណាម រងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាថ្មី ក្រោយអាជ្ញាធររកឃើញក្រុមហ៊ុនចែកប្រេងឆាមួយបានបន្លំយកប្រេងសម្រាប់ផលិតចំណីសត្វធ្វើជាប្រេ…

កៅអីនាយករដ្ឋមន្ត្រីថៃ កាន់តែរំជើបរំជួល ក្រោយផ្ទុះបាតុកម្មទាមទារឱ្យលោកស្រី ផៃថងថាន ចុះចេញពីតំណែងពេញផ្ទៃប្រទេស

ក្រោយស្ងប់ស្ងាត់អស់រយៈពេលមួយទសវត្សរ៍ក្នុងអំឡុងពេលប្រទេសថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា ពេលនេះប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ